(ប៉េកាំង)៖ បច្ចុប្បន្ន និម្មាបនកម្មពិភពលោកបាននិងកំពុងប្រឈមនឹង បម្រែបម្រួលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជិត ១សតវត្សរ៍។ វិបត្តិជំងឺកូវីដ-១៩ នៅតែកំពុងបន្តបង្កផលប៉ះពាល់ចំពោះសកលលោក សង្គ្រាមបានផ្ទុះឡើងនៅប្រទេសមួយចំនួន កត្តាអសន្តិសុខប្រពៃណីនិងមិនប្រពៃណីបាននិងកំពុងកើនឡើង អាស្រ័យហេតុនេះ សហគមន៍អន្តរជាតិត្រូវការជាបន្ទាន់ នូវយន្តការដែលអាចជួយតម្រង់ទិស សម្រាប់នាវាពិភពលោកមិនឱ្យវង្វេងផ្លូវ ក្នុងមហាសាគរដ៏ធំល្វឹងល្វើយ។

យើងតែងតែឮពាក្យថា «បើគ្មានសន្តិភាពគឺគ្មានអ្វីៗគ្រប់យ៉ាង»។ ជាការពិតណាស់ ហេតុផលនេះអ្នកណាក៏ដឹងដែរ តែមហិច្ឆតារបស់មនុស្សដែលលោភលន់ ចំពោះអំណាចវារមែងតែងធ្វើឱ្យមូលដ្ឋានគ្រឹះ នៃសន្តិភាពត្រូវប្រឈមនឹងឥទ្ធិពលអវិជ្ជមាន។ ពិភពលោកបច្ចុប្បន្ន បានឈានចូលដំណាក់កាល នៃការប្រកួតប្រជែងរវាងពហុភាគីនិយម និងឯកតោភាគីនិយម រវាងពហុប៉ូលនិយមនិងអនុត្តរភាពនិយម ហើយក្នុងនោះសំឡេងគាំទ្រចំពោះពហុភាគីនិយម បាននិងកំពុងមានប្រៀបជាបណ្តើរៗ។

ដូចយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា មិនថាទំនាក់ទំនងទ្វេភាគីឬពហុភាគី ការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរគ្នា ត្រូវឈរលើភាពស្មោះត្រង់ គោរពគ្នា និងសមភាព នេះជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ក៏ប៉ុន្តែនៅតែមានប្រទេសមួយចំនួន ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រកាន់យកទស្សនៈ «អញជាធំ» ក្នុងទំនាក់ទំនងអន្តរជាតិ ។ ប៉ុន្តែអ្វីដែលគួររំលឹកគឺ តាំងពីដើមរៀងមក អនុត្តរភាពនិយមតែងបានរុញច្រានឱ្យ ស្ថានការណ៍ធ្លាក់ទៅក្នុងភាពផុយស្រួយឬជាប់គាំង។

មិនថាកាលពីអតីតកាលឬបច្ចុប្បន្នកាលនោះទេ សង្គ្រាមរមែងនាំមកនូវតែភាពវិនាសហិនហោច និងភាពឈឺចាប់ខ្លាចផ្សារចំពោះមនុស្សជាតិ។ សង្គ្រាមលោកទាំងពីរលើកបានបន្សល់ទុក នូវសោកនាដកម្មដែលមិនអាចប៉ះប៉ូវបាន ក្រុមងាយរងគ្រោះដូចជាស្ត្រី កុមារនិងមនុស្សចាស់ជរាត្រូវក្លាយជាចំណីសង្គ្រាម អាយុជីវិតមនុស្សផុយស្រួយជាងសត្វស្រមោចទៅទៀត។

បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ មនុស្សជាតិត្រូវការជាបន្ទាន់ចំពោះ ពិភពលោកមួយដែលមានសន្តិភាព អាស្រ័យហេតុនេះ អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង ដើម្បីជាមគ្គុទេ្ទសក៍ដឹកនាំកិច្ចការអន្តរជាតិ និងដើរតួនាទីគាំពារសន្តិសុខ និងសន្តិភាពពិភពលោក។ មនុស្សជាតិភាគច្រើនដាច់ខាតមិនចង់ឱ្យ កើតមានសង្គ្រាមឡើយ ព្រោះភាពនិរាសព្រាត់ប្រាស និងភាពទុរ្ភិក្សដែលបណ្តាលមកពី ភ្លើងសង្គ្រាមបាននាំឱ្យមនុស្សជាច្រើនជំនាន់រងទុក្ខវេទនា។

ការរក្សារបៀបរៀបរយនិងសណ្តាប់ធ្នាប់ពិភពលោក មិនមែនស្ថិតនៅលើដៃរបស់ប្រទេសណាឬបុគ្គលណាមួយនោះទេ តែត្រូវមានការចូលរួមពីគ្រប់ប្រទេសនិងតំបន់ទាំងអស់។ ពាក្យចាស់ពោលថា «ចង្កឹះមួយបាច់កាច់មិនបាក់» បើចង់រស់នៅក្រោមដំបូលសន្តិភាព អ្វីដែលគួរធ្វើគឺការរួមសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិត ដោយសន្តិវិធី តែមិនមែនអាងកម្លាំងបាយទៅគាបសង្កត់ឱ្យ អ្នកដទៃធ្វើតាមគំនិតរបស់ខ្លួននោះឡើយ។

ក្នុងន័យនេះ មិនថាស្ថិតក្នុងកាលៈទេសៈណា មិនថាថ្លែងសារទៅកាន់ពិភពលោកឬទៅកាន់ប្រជាជនចិនក្តី ប្រមុខរដ្ឋចិនតែងលើកឡើងថា ប្រទេសចិនប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយសន្តិភាព។ ជាការពិតណាស់ សង្គ្រាមរ៉ាំរ៉ៃក្នុងប្រទេសចិនកាលពីអតីតកាល ដែលកើតឡើងដោយសារការឃ្លានពានពីបរទេសនិងទំនាស់ផ្ទៃក្នុង បានបង្អាក់និងរុញទម្លាក់ដំណើរអភិវឌ្ឍន៍របស់ប្រទេសចិន ឬអាចនិយាយបានថា ប្រទេសចិនត្រូវកសាងប្រទេសជាតិ ឡើងវិញពីបាតដៃទទេ។

សមិទ្ធផលរបស់ប្រទេសចិនដូចបច្ចុប្បន្នគឺបានដោយសារការបូជាញើសឈាម សឹងតែអាយុជីវិតរបស់មនុស្សជំនាន់មុន និងកិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជំនាន់នេះ ហេតុនេះ ប្រទេសចិនមិនត្រឹមតែថែរក្សានិងឱ្យតម្លៃយ៉ាងខ្លាំង ចំពោះស្ថិរភាពនិងសន្តិភាពក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានខិតខំរួមចំណែករបស់ខ្លួន ក្នុងការគាំពារស្ថិរភាពនិងសន្តិភាពពិភពលោកផងដែរ ក្នុងនោះ ក្រៅពីការជួយប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានការអភិវឌ្ឍតិចតួច ឱ្យស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិ ការចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិច្រើនបំផុតគឺជា ផ្នែកមួយនៃការរួមចំណែកដ៏សំខាន់របស់ប្រទេសចិន ក្នុងការថែរក្សាសន្តិភាពពិភពលោក។

អ្វីដែលគួររំលឹកផងដែរ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ នេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមពីរ ជាបន្តបន្ទាប់ ពោលគឺគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលជាការរួមចំណែកជាតម្រិះប្រាជ្ញា និងកម្លាំងចិនសម្រាប់ការជំរុញការអភិវឌ្ឍ និងការគាំពារសន្តិសុខនៃពិភពលោក ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញពាក្យ «អរគុណសន្តិភាព» ដើម្បីរំលេចពីសារៈសំខាន់លើសលប់ នៃសន្តិភាពចំពោះមនុស្សយើងគ្រប់រូប។ កម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសារភ្លើងសង្គ្រាម អាស្រ័យហេតុនេះ ប្រជាជនគ្រប់រូបមិនចង់ឃើញប្រទេសជាតិ ធ្លាក់ក្នុងជ្រោះមរណាជាដាច់ខាត ព្រោះមានសន្តិភាព ទើបយើងអាចនិយាយពីរឿងអភិវឌ្ឍន៍ និងភាពសុខសាន្តនៃសង្គម។

ពាក្យចាស់ពោលថា ការបំផ្លិចបំផ្លាញជារឿងងាយស្រួលបំផុត តែការកសាងជារឿងលំបាកណាស់ ។ ភាពខ្ទេចខ្ទាំដែលបណ្តាលមកពីសង្គ្រាម មិនមែនកសាងឡើងដោយងាយៗនោះទេ ជួនកាលការបំផ្លិចបំផ្លាញតែមួយនាទី ត្រូវការការកសាងឡើងវិញរាប់ឆ្នាំ ឬសឹងតែរាប់សិបឆ្នាំ។ សន្តិភាពជាអាយុជីវិតនៃមនុស្សជាតិ និងជាសរសៃឈាមនៃពិភពលោក ប្រសិនជាគ្មានសន្តិភាព អ្វីៗគ្រប់យ៉ាងគឺស្មើនឹងសូន្យ៕

អត្ថបទដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន