(ប៉េកាំង)៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលផ្នែកវិនិយោគ និងធុរកិច្ចចិន-អាស៊ានលើកទី ១៩ បានបិទបញ្ចប់នៅទីក្រុង Nanning ភូមិភាគស្វយ័តជនជាតិ Zhuang Guangxi ប្រទេសចិន។ ក្នុងរយៈពេល ៤ថ្ងៃ មានសហគ្រាសចំនួន ១៦៥៣ ដែលមកពីប្រទេសចំនួន ៤០ បានចូលរួមពិព័រណ៍នៅកន្លែងផ្ទាល់ និងមានសហគ្រាសជាង ២០០០ បានចូលរួមពិព័រណ៍តាមរបៀបអនឡាញ បានចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការចំនួន ២៦៧ ទំហំវិនិយោគសរុបឡើងដល់ ៤១,៣ ប៊ីលានយាន់ប្រាក់ចិន ដែលបានបំបែកកំណត់ត្រាបំផុតក្នុងប្រវត្តិសាស្ត្រ។ ទិន្នន័យដ៏លេចធ្លោទាំងនេះជាសក្សី នៃសមិទ្ធផលគួរឱ្យកត់សម្គាល់ នៃពិព័រណ៍ចិន-អាស៊ានលើកនេះ។

នាពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ហើយអនាគតមានភាពស្រអាប់ទៅៗ។ ពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានមួយចំនួនដូចជាធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម បាននាំគ្នាបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២២ និងឆ្នាំ២០២៣។ ក្នុងបរិបទបែបនេះ ពិព័រណ៍ចិន-អាស៊ានបានផ្តល់កាលានុវត្តភាពថ្មី សម្រាប់ការជំរុញការងើបឡើងវិញជានិរន្តរភាព បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការកសាងសេដ្ឋកិច្ចក្នុងតំបន់បែបបើកទូលាយ ដោយឥរិយាបថបើកចំហយ៉ាងច្បាស់លាស់។

ឆ្នាំនេះ ពិព័រណ៍ចិន-អាស៊ានបានបង្កើតជាលើកដំបូង នូវសាលពិព័រណ៍ដ៏ល្អផូរផង់នៃអាស៊ាន និងកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP)។ នេះបានឆ្លុះបញ្ចាំងពីប្រធានបទនៃពិព័រណ៍លើកនេះ គឺ «ចែករំលែកកាលានុវត្តភាពថ្មីនៃកិច្ចព្រមព្រៀង RCEP ជំរុញតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0»

សូមបញ្ជាក់ថា ឆ្នាំ ២០២២ ជាឆ្នាំចាប់ផ្តើមនៃទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន ហើយក៏ជាឆ្នាំលើកទីមួយនៃការដែលកិច្ចព្រមព្រៀង RCEP បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការផងដែរ។ លើសពីនេះទៅទៀត កិច្ចកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 ជិតនឹងចាប់ដំណើរការ។ នេះគឺមានន័យថា កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន នឹងឡើងដល់កម្រិតថ្មីថែមទៀត។

ទិន្នន័យបានបញ្ជាក់ពីប្រការនេះ។ ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ាន បានឡើងដល់ ៤,០៩ ទ្រីលានប្រាក់យាន់ចិនដែលកើនឡើង ១៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ គឺត្រូវជា ១៥ ភាគរយនៃទំហំសរុបនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។ គិតមកទល់ចុងខែកក្កដា ឆ្នាំនេះ ទំហំវិនិយោគទៅវិញទៅមករវាងចិននិងអាស៊ាន គឺ លើសពី ៣ សែន ៤ម៉ឺនលានដុល្លារអាមេរិក ដែលបានក្លាយជាដៃគូសហប្រតិបត្តិការដ៏រស់រវើកបំផុត ផ្នែកវិនិយោគទៅវិញទៅមក។
ទន្ទឹមនឹងកិច្ចព្រមព្រៀង RCEP បានចូលជាធរមាននិងចាប់ផ្តើមអនុវត្តជាផ្លូវការ វាបានជំរុញយ៉ាងខ្លាំងដល់ភាពកាន់តែស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសអាស៊ាន ការអនុវត្តគោលនយោបាយអនុគ្រោះជាច្រើនដូចជា ការកាត់បន្ថយនិងលុបចោលពន្ធគយ ការលើកកម្ពស់ប្រសិទ្ធភាពនៃការឆ្លងគយជាដើម ធ្វើឱ្យការប្រាស្រ័យទាក់ទងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាស៊ានមានភាពកាន់តែសិ្អតល្មួត។ លើសពីនេះទៅទៀត ទន្ទឹមនឹងរដ្ឋសមាជិកនៃកិច្ចព្រមព្រៀង RCEP ដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ជាដើមបានចូលរួម វាក៏បានពង្រីក «ក្រុមមិត្តភកិ្ត» លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាស៊ានផងដែរ។

អ្នកផងជាច្រើនសុទ្ធតែបានកត់សម្គាល់ឃើញ នូវការពិពណ៌នាចំពោះ «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0» ក្នុងប្រធានបទនៃពិព័រណ៍ចិន-អាស៊ានលើកនេះ។ លោក Xu Ningning ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ាន បានលើកឡើងថា «ល្គឹតណាដែលតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 បានចាប់ដំណើរការជាផ្លូវការ ថែមទាំងកិច្ចព្រមព្រៀង RCEP បាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ល្គឹតនោះ មិនថា ការកាត់បន្ថយនិងលុបចោលពន្ធគយឬក៏កិច្ចសម្រួលពាណិជ្ជកម្មក្តី វាសុទ្ធតែនឹងឡើងដល់កម្រិតថ្មីថែមទៀត»។ នេះជាមូលហេតុដែលបណ្តាលឱ្យពាណិជ្ជករចូលរួមពិព័រណ៍ចិន-អាស៊ាននាំគ្នាថ្លែងថា «ពួកយើងនឹងចូលរួមម្ដងទៀតនៅឆ្នាំក្រោយ»

វិទ្យុមិត្តភាពកម្ពុជាចិន