(ហ្សេរុយសាឡិម)៖ អ៉ីស្រាអែល នឹងមានឯកអគ្គរដ្ឋទូតនៅប្រទេសតួកគីជាលើកដំបូង ក្នុងរយៈពេល៤ឆ្នាំមកនេះ ដែលជាជំហានថ្មីចុងក្រោយ ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកក់ក្តៅឡើងវិញ បន្ទាប់ពីប្រេះឆាអស់រយៈពេលជាច្រើនឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងការបរទេសអ៉ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកស្រី អ៉ីរីត លីលលៀន (Irit Lillian) មន្រ្តីការទូតជាន់ខ្ពស់ដែលទទួលដឹកនាំស្ថានទូតអ៉ីស្រាអែល នៅទីក្រុងអង់ការ៉ារយៈពេល២ឆ្នាំចុងក្រោយនេះស្រាប់ នឹងត្រូវក្លាយជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅទីនោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ តួកគីបានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីអ៉ីស្រាអែល ហើយបានបញ្ជាឲ្យឯកអគ្គរដ្ឋទូតអ៉ីស្រាអែលចាកចេញ ដើម្បីជាការតវ៉ាចំពោះការសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ របស់អ៉ីស្រាអែលនៅតាមព្រំដែនតំបន់ហ្កាសា (Gaza)៕