(ណៃពិដោ)៖ អង្គការយូនីសេហ្វ (UNICEF) បានប្រកាសថា សិស្សសាលាយ៉ាងហោច១១នាក់ បានបាត់បង់ជីវិត ក្នុងវាយប្រហារតាមផ្លូវអាកាស ទៅលើភូមិមួយកន្លែងនៅប្រទេសមីយ៉ាន់ម៉ា ជាសកម្មភាពដែលរដ្ឋាភិបាលយោធា បានអះអាងថា គឺមានគោលដៅចំពោះក្រុមឧទ្ទាម ដែលលាក់ខ្លួននៅក្នុងតំបន់នោះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

ការប៉ះទង្គិចគ្នាខ្លាំងៗបានកើតមានឡើងនៅ តំបន់សាហ្គាំង (Sagaing) ដែលស្ថិតនៅភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ា ហើយចំពោះមុខការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមប្រឆាំងរបបយោធា និងកងទ័ពមីយ៉ាន់ម៉ា ភូមិជាច្រើនត្រូវគេមើលឃើញថា បានរងការដុតបំផ្លាញចោលទាំងស្រុងៗ។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អង្គការ UNICEF បានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់យោធាមីយ៉ាន់ម៉ា ដែលបានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅភូមិឈ្មោះ ដេប៉េយីន (Depeyin) ក្នុងតំបន់ Sagaing ហើយបណ្តាលឱ្យកុមារជាសិស្សសាលាយ៉ាងតិច ១១នាក់ ស្លាប់។

អង្គការ UNICEF បានសង្កត់ធ្ងន់ថា សាលារៀនចាំបាច់ត្រូវតែជាកន្លែងមានសុវត្ថិភាព និងមិនត្រូវកំណត់ជាគោលដៅ នៃការវាយប្រហារដាច់ខាត។ យោងតាមអង្គការ UNICEF កូនសិស្សចំនួន១៥នាក់ទៀត មកពីសាលាដែលរងការវាយប្រហារ កំពុងបន្តបាត់ខ្លួននៅឡើយ ហើយអង្គការបានអំពាវនាវ ឱ្យមានការដោះលែងពួកគេ ដោយសុវត្ថិភាពវិញជាបន្ទាន់ ប្រសិនបើក្មេងៗទាំងនោះ ត្រូវបានគេចាប់ខ្លួន។

ខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានទទួលស្គាល់ថា ខ្លួនបានបញ្ជូនកងទ័ពតាមឧទ្ធម្ភាគចក្រទៅកាន់ភូមិខាងលើ ក្រោយទទួលបានដំណឹងថា ក្រុមឧទ្ទាមកាជីនធ្វើសកម្មភាពដឹកជញ្ជូនអាវុធនៅក្នុងតំបន់នោះ។ យោធាមីយ៉ាន់ម៉ាបានចោទថា ក្រុមឧទ្ទាមប្រើប្រាស់ជនស៉ីវិល ជាខែលការពារពួកគេ ខណៈគ្រាប់មីននិងគ្រឿងផ្ទុះ ត្រូវបានរឹបអូសពីភូមិ Depeyin។

គួរបញ្ជាក់ថា ប្រទេសអាស៊ានមួយនេះ បានស្ថិតក្រោមភាពវឹកវរ ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ ខណៈបើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងតំបន់ ជនស៉ីវិលជិត២,៣០០នាក់ហើយបានស្លាប់ ក្នុងសកម្មភាពបង្រ្កាបរបស់របបយោធា ទៅលើក្រុមប្រឆាំង៕