(វែលីងតោន)៖ ក្រុមអ្នកវិទ្យាសាស្រ្តនូវែលសេឡង់ នៅថ្ងៃអង្គារនេះ បានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើង ដែលស្ថិតនៅក្រោមបឹងដ៏ធំបំផុតរបស់ប្រទេសនេះ ដែលធ្លាប់បានបង្កជាបន្ទុះដ៏ខ្លាំងក្លាបំផុតនៅលើផែនដី គិតក្នុងរយៈពេល ៥,០០០ឆ្នាំមុន នៅពេលភ្នំភ្លើងនោះ បានផ្ទុះឡើងលើកចុងក្រោយបំផុត កាលពីប្រហែល ១,៨០០ឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

ភ្នំភ្លើង ថូប៉ូ (Taupo) បានជះសារធាតុផ្សេងៗចំណុះជាង ១០០គីឡូម៉ែត្រគូប ទៅក្នុងបរិយាកាស នៅពេលដែលវាបានផ្ទុះឡើង លើកចុងក្រោយនៅខ្ទង់ឆ្នាំ២០០មុនគ្រិស្តសករាជ ដោយបានបំផ្លិចបំផ្លាញតំបន់មួយផ្នែកធំ នៅភាគកណ្តាលនៃកោះខាងជើង (North Island) របស់ប្រទេសនូវែលសេឡង់ ក្នុងយុគសម័យមិនទាន់មានមនុស្សរស់នៅ។ វាត្រូវបានចាត់ទុកជាការផ្ទុះដ៏ធំបំផុត នៅលើភពផែនដី ក្នុងរយៈពេល ៥,០០០ឆ្នាំ ចុងក្រោយនេះ។

ក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារភូមិសាស្រ្ត ជីអូណេត (GeoNet) បានលើកឡើងថា ខ្លួនបានរកឃើញការរញ្ជួយដីតូចៗជិត ៧០០លើក នៅខាងក្រោមបឹង Taupo ដែលជាភ្នំភ្លើងយក្ស ហើយបានដំឡើងកម្រិតប្រកាសអាសន្នពីលេខ០ ទៅលេខ១។ ប្រព័ន្ធប្រកាសអាសន្នចំពោះភ្នំភ្លើងនៅនូវែលសេឡង់ គឺផ្អាកលើកម្រិតចំនួន៦លេខ ប៉ុន្តែ GeoNet បានកត់សម្គាល់ថាភ្នំភ្លើងនេះ អាចផ្ទុះនៅគ្រប់កម្រិត ហើយកម្រិតនេះអាចនឹងមិនផ្លាស់ទីតាមលំដាប់លំដោយឡើយ ដោយសារសកម្មភាពអាចផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស។ នេះជាលើកដំបូងហើយ ដែលមាននូវការប្រកាសអាសន្នភ្នំភ្លើង Taupo ដល់លេខ១ ប៉ុន្តែវាមិនមែនជាលើកទីមួយទេដែល ភ្នំភ្លើងនេះបញ្ចេញសកម្មភាពយ៉ាងដូច្នេះ ហើយឱកាសដែលវាអាចផ្ទុះ គឺនៅមានកម្រិតទាបដដែល។

គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់ មានទីតាំងស្ថិតនៅលើព្រំប្រទល់រវាងផ្លាកតិចតូនិចប៉ាស៊ីហ្វិក និងអូស្ត្រាលី ដែលជាហេតុនាំឱ្យជួបប្រទះបាតុភូតបន្ទុះភ្នំភ្លើង និងរញ្ជួយដីច្រើនគួរសម។ កាលពីឆ្នាំ២០១៩ កោះ White Island ដែលត្រូវបានគេស្គាល់ដោយឈ្មោះមួយទៀតថា កោះវ៉ាកាអារី (Whakaari) បានផ្ទុះឡើងភ្លាមដោយព្រួសផ្សែង និងផេះ ព្រមទាំងសម្លាប់មនុស្ស ២២នាក់ និងបង្កឱ្យរបួសធ្ងន់ ២៥នាក់ ភាគច្រើនជាភ្ញៀវទេសចរ៕