(ម៉ិកស៉ីកូស៉ីធី)៖ គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងលិចម៉ិកស៉ិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំគម្រប់ខួបនៃហេតុការណ៍រញ្ជួយផែនដី យ៉ាងធ្ងន់ធ្ងរ២លើកកន្លងមក ហើយបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ២នាក់ ព្រមទាំងបង្កការខូចខាត ចំពោះសំណង់អគារ, ធ្វើឱ្យដាច់ការផ្គត់ផ្គង់អគ្គិសនី និងបង្កឱ្យមនុស្សម្នានៅឯរដ្ឋធានីម៉ិកស៉ីកូស៉ីធី រត់ប្រសាចចេញមកខាងក្រៅ ដើម្បីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

អាជ្ញាធរម៉ិកស៉ិកបានឱ្យដឹងថា មនុស្ស២នាក់បានស្លាប់ នៅទីក្រុងម៉ាន់ហ្សានីឡូ (Manzanillo) ដែលនៅខាងមហាសមុទ្រប៉ាស៉ីហ្វិក ដោយក្នុងនោះម្នាក់ត្រូវផ្នែកខាងមុខនៃហាងលក់ទំនិញមួយកន្លែង បាក់សង្កត់ចំលើ ហើយម្នាក់ទៀតត្រូវបានគេរកឃើញស្លាប់ នៅក្នុងផ្សារទំនើបមួយកន្លែង។

ក្រៅពីនេះ ក៏មានសេចក្តីរាយការណ៍ថា មន្ទីរពេទ្យមួយចំនួនបានរងការខូចខាត នៅរដ្ឋមីចូឃែន (Michoacan) ក្បែរចំណុចរំញ័រផងដែរ ដែលស្ថិតនៅកន្លែងមិនសូវមាន មនុស្សរស់នៅច្រើនប៉ុន្មានឡើយ នៃប្រទេសម៉ិកស៉ិក។ មិនតែប៉ុណ្ណោះ បើតាមអាជ្ញាធរអគ្គិសនីជាតិម៉ិកស៉ិក អ្នកប្រើប្រាស់១.២លាននាក់ បានទទួលរងការប៉ះពាល់ ដោយសារតែហេតុការណ៍រញ្ជួយដី។

គួរបញ្ជាក់ថា យោងតាមអភិបាលក្រុងម៉ិកស៉ីកូស៉ីធី ភ្លាមៗគឺមិនទាន់មានសេចក្តីរាយការណ៍ អំពីការបំផ្លិចបំផ្លាញធ្ងន់ធ្ងរខ្លាំង នៅក្នុងរដ្ឋធានីនេះនៅឡើយទេ ក្រោយគ្រោះរញ្ជួយដីខាងលើ ដែលបានអង្រួនប្រទេសម៉ិកស៉ិក ចំថ្ងៃដូចគ្នាទៅនឹងគ្រោះរញ្ជួយដី២លើក ដែលបានវាយប្រហារយ៉ាងដំណំបំផុត មកលើប្រទេសអាមេរិកឡាទីនមួយនេះ កាលពីឆ្នាំ១៩៨៥ និងឆ្នាំ២០១៧។

គ្រោះរញ្ជួយដីកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៥ បានផ្តាច់ជីវិតមនុស្សដល់ខ្ទង់រាប់ពាន់នាក់ ខណៈជាង៣៥០នាក់ បានស្លាប់ ក្នុងគ្រោះរញ្ជួយដីកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧៕