(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយជាថ្មីថា កងទ័ពអាមេរិកនឹងការពារកោះតៃវ៉ាន់ ក្នុងករណីដែលចិនប្រើកម្លាំងយោធា ហើយនេះជាការធ្វើអត្ថាធិប្បាយដ៏ច្បាស់លាស់បំផុតរបស់លោកជុំវិញបញ្ហាដ៏រសើបនេះ មកទល់បច្ចុប្បន្នដែលជារឿយៗតែងតែបង្កឱ្យចិនផ្ទុះកំហឹង។ នេះ បើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS រយៈពេល ៦០នាទី ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក បៃដិន ត្រូវបានចោទសួរថាតើកងកម្លាំងសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ឬយ៉ាងណា? ជាការឆ្លើយតប លោក បៃដិន បានឆ្លើយយ៉ាងដូច្នេះថា «ពិតណាស់ ប្រសិនបើមានការវាយប្រហារណាមួយដែលមិនធ្លាប់មានពីមុនមក»

បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរឱ្យកាន់តែច្បាស់ថាតើចំណាត់ការរបស់អាមេរិកនៅតៃវ៉ាន់ គឺមិនដូចនៅអ៊ុយក្រែនដែរឬក៏យ៉ាងណា លោក បៃដិន បានឆ្លើយយ៉ាងខ្លីថា «ជាការពិតណាស់ គឺមិនដូចទេ»។ យ៉ាងនេះក្តី លោក បៃដិន នៅតែរំលឹកឡើងវិញថាសហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាព របស់តៃវ៉ាន់ឡើយ ហើយនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយ «ចិនតែមួយ»

គួរបញ្ជាក់ថា ក្រោយពីមានការអត្ថាធិប្បាយរបស់មេដឹកនាំសហរដ្ឋអាមេរិកខាងលើនេះ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន មិនបានឆ្លើយតបចំពោះ សំណើសុំបញ្ជាក់ភ្លាមៗនោះទេ។ នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោក បៃដិន កាលពីខែកក្កដា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានព្រមានចំៗថា «អ្នកដែលប្រឡែងលេងជាមួយភ្លើងជុំវិញបញ្ហាកោះតៃវ៉ាន់ នឹងត្រូវវិនាសដោយសារភ្លើង»