(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាថាកងកម្លាំងរបស់លោកនឹងមិនបន្ធូរដៃឡើយ នៅក្នុងការតស៊ូប្រយុទ្ធដណ្ដើម យកទឹកដីដែលរុស្ស៉ីកំពុងគ្រប់គ្រងត្រឡប់មកវិញ នៅចំពោះមុខការព្រួយបារម្ភថាទីក្រុងមូស្គូអាចនឹងបង្កើនការវាយប្រហារ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

យោធាអ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បាននិយាយថាកងកម្លាំងរបស់ខ្លួនបានធ្វើការវាយបកលើការវាយប្រហារពីកងទ័ពរុស្ស៉ី នៅតាមទីតាំងជាច្រើនក្នុងតំបន់ខាកៀវ និងតំបន់ខឺសុន ជាទីដែលអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយដណ្ដើមយកទឹកដីមកវិញ។ ថ្លែងនៅក្នុងសុន្ទរកថា ក្នុងថ្ងៃដដែលនោះដែរ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ប្រហែលជានៅក្នុងចំណោមអ្នកទាំងអស់គ្នា មានអ្នកខ្លះកំពុងគិតថាក្រោយទទួល បានជោគជ័យជាបន្តបន្ទាប់ បច្ចុប្បន្នយើងនឹងសម្រាក ប៉ុន្តែវានឹងមិនមានការសម្រាកទេ ហើយយើងកំពុងត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់...សម្រាប់ អ៊ុយក្រែនច្បាស់ណាស់ ត្រូវតែទទួលបានសេរីភាព»

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី កើតមានឡើង បន្ទាប់ពីយោធាអាមេរិកបានព្រមានថាពួកគេនឹងមិនដឹងច្បាស់នោះទេថាតើ ទីក្រុងមូស្គូ នឹងធ្វើអ្វីបន្ទាប់ទៀត ដើម្បីប៉ះប៉ូវបរាជ័យរបស់ខ្លួននៅអ៊ុយក្រែន ខណៈអង់គ្លេសអះអាងថារុស្ស៉ីអាចនឹងបង្កើនការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយលោក ចូ បៃដិន ជំរុញឱ្យលោក ពូទីន កុំប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន៕