(ប៊ីស្កេក)៖ ប្រទេសកៀហ្ស៉ីស៉ីស្ថាន និងតាហ្ស៉ីគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ ខែកញ្ញា) ថា ចំនួនអ្នកស្លាប់ដោយសារការប៉ះទង្គិចគ្នា នៅតាមព្រំដែនរវាងប្រទេសទាំងពីរបានកើនឡើងដល់ ៧១នាក់ហើយ ខណៈដែលបទឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសអាស៊ីកណ្តាលទាំងពីរនេះ បានបន្តសម្រាប់ថ្ងៃទីពីរ។ ប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ភាគីទាំងពីរ បានជំរុញឱ្យមានការបន្ធូរបន្ថយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។

ប្រទេសទាំង២ ដែលធ្លាប់ជាអតីតដែនដីសហភាពសូវៀត បានផ្ទុះជម្លោះព្រំដែននឹងគ្នាកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញានេះ ដោយភាគទាំង ២បានចោទគ្នា ទៅវិញទៅមកថាបានប្រើរថក្រោះ កាំភ្លើងធំ ដ្រូន និងគ្រាប់រ៉ុក្កែតវាយប្រហារលើប៉ុស្ដិ៍យាមនៅតំបន់បណ្ដោយព្រំដែន។ កៀហ្ស៉ីស៉ីស្ថានក៏បានជម្លៀសមនុស្ស ១៣៧,០០០នាក់ ចេញពីតំបន់ជម្លោះផងដែរ។

រដ្ឋាភិបាលកៀហ្ស៉ីស៉ីស្ថាន នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាទាហានរបស់ខ្លួន ៣៦នាក់បានស្លាប់ និង១២៩នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយ អាវុធនៅឯតំបន់ព្រំដែនជាមួយតាហ្ស៉ីគីស្ថាន កាលពីប៉ុន្មានថ្ងៃមុននេះ។

រដ្ឋាភិបាលតាហ្ស៊ីគីស្ថានក៏បានរាយការណ៍ពី ជនរងគ្រោះរបស់ខ្លួនកាលពីថ្ងៃអាទិត្យនេះដែរ ដោយនិយាយថា មនុស្ស៣៥នាក់ត្រូវបានសម្លាប់។ ប៉ុន្តែមិនបានរាយការណ៍ពីការជម្លៀសទ្រង់ទ្រាយធំចេញពីតំបន់នោះទេ៕