(អឺរ៉ុប)៖ ស្នងការថវិកា លោក Johannes Hahn បាននិយាយថា គណៈកម្មការអឺរ៉ុបនៅថ្ងៃអាទិត្យនេះ បានផ្តល់អនុសាសន៍ឱ្យផ្អាកការផ្តល់មូលនិធិចំនួន ៧.៥ពាន់លានអឺរ៉ូដល់ប្រទេសហុងគ្រី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន DW របស់អាល្លឺម៉ង់ នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។

លោក Hahn បាននិយាយថា សំណើនេះធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការចោទប្រកាន់ពីបទអំពើពុករលួយ និងការរំលោភលើនីតិរដ្ឋ របស់រដ្ឋាភិបាលដឹកនាំដោយ លោក Victor Orban។

លោក Hahn បាននិយាយយ៉ាងដូច្នេះថា «ការសម្រេចចិត្តនៅថ្ងៃនេះបង្ហាញយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តរបស់គណៈកម្មាការ ក្នុងការការពារថវិកាសហភាពអឺរ៉ុប និងដើម្បីប្រើប្រាស់ឧបករណ៍ទាំងអស់ដែលខ្លួនមាន ដើម្បីធានាបាននូវគោលបំណងដ៏សំខាន់នេះ»

ប្រសិនបើរដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគច្រើនគាំទ្រសំណើនេះ វិធានការនេះនឹងប៉ះពាល់ដល់អ្វីដែលគេហៅថាមូលនិធិរួមរបស់ប្រទេសហុងគ្រី ដែលមានបំណងជួយសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសសហភាពអឺរ៉ុប ឱ្យស្របតាមស្តង់ដារសហភាពអឺរ៉ុប៕