(តេហេរ៉ង់)៖ មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់របស់ប្រទេសអ៉ីរ៉ង់ បាននិយាយនៅថ្ងៃសៅរ៍នេះថា អ៉ីរ៉ង់បានបំពាក់ប្រព័ន្ធការពារស៉ីវិលលើទីក្រុង និងទីប្រជុំជនចំនួន ៥១ ដើម្បីទប់ស្កាត់ការវាយប្រហារពីបរទេស ដែលអាចកើតមាន ចំពេលភាពតានតឹងជាមួយប្រទេសអ៉ីស្រាអែល និងសហរដ្ឋអាមេរិក មានការកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីការពារជាតិ ឧត្តមសេនីយ ម៉េហ៍ឌី ហ្វារ៉ាហ៊ី (Mehdi Farahi) ដោយបញ្ជាក់ថា គ្រឿងបរិក្ខាការពារនេះ អាចឲ្យកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់អាច «កំណត់អត្តសញ្ញាណ និងតាមដានការគំរាមកំហែង ដោយប្រើកម្មវិធីពេញម៉ោង ស្របតាមប្រភេទនៃការគំរាមកំហែង និងហានិភ័យ»

លោក ហ្វារ៉ាហ៉ី បាននិយាយថា «ប៉ុន្មានថ្ងៃនេះ អាស្រ័យដោយខ្លាំងរបស់ប្រទេស, ទម្រង់នៃការប្រយុទ្ធកាន់តែស្មុគស្មាញ បង្កឲ្យមានទម្រង់សង្រ្គាមកូនកាត់ រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត ជីវសាស្ត្រ និងវិទ្យុសកម្ម។ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះប្រទេស ដែលអាចគំរាមកំហែងអ៉ីរ៉ង់នោះឡើយ»

គួរបញ្ជាក់ថា អ៉ីរ៉ង់បានចោទប្រកាន់អ៉ីស្រាអែល និងសហរដ្ឋអាមេរិក ជុំវិញការវាយប្រហារតាមអ៉ីនធឺណេត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។ ជាមួយគ្នានេះ អ៉ីរ៉ង់ក៏បានចោទប្រកាន់អ៉ីស្រាអែល ចំពោះការបំផ្លិចបំផ្លាញទីតាំងនុយក្លេអ៊ែររបស់ខ្លួន ដែលរហូតមកទល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ ឬអ្នកទទួលខុសត្រូវនៅឡើយ៕