(អ៉ីសស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទី (Vladimir Putin) នៅក្នុងការហៅទូរស័ព្ទមួយថាប្រទេសរបស់លោកអាចដើរតួជាអ្នកសម្របសម្រួលទាក់ទងនឹងបញ្ហារោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) របស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។

ការិយាល័យរបស់ប្រធានាធិបតីទួរគី បានឲ្យដឹងថា ក្នុងជំនួបតាមទូរស័ព្ទខាងលើនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការវិវត្តន៍ទាក់ទងនឹងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តការសាងសង់រោងចក្រនុយក្លេអ៊ែរអាក់គូយូ Akkuyu) នៅក្នុងប្រទេសទួរគី តាមផែនការដែលបានគ្រោងទុកផងដែរ។

ជាចុងក្រោយ លោក អឺដូហ្កាន់ និងលោក ពូទីន បានយល់ព្រមពិភាក្សាអំពីបញ្ហាលម្អិតនៅពេលពួកគេជួបគ្នានៅទីក្រុង Samarkand ប្រទេស Uzbekistan សម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៕