(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលនៅក្នុងប្រទេសរុស្ស៉ី នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ជាង ៥០,០០០នាក់ ២ថ្ងៃជាប់ៗគ្នា និងដែល ជាតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែមីនាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។

បើតាមអាជ្ញាធរសុខាភិបាលរុស្ស៉ី ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានអ្នកឆ្លងកូវីដ១៩ ចំនួន ៥១,៦៩៩នាក់ត្រូវបានរាយការណ៍នៅទូទាំងប្រទេស ហើយក្នុង រយៈពេលដូចគ្នានេះ អ្នកជំងឺកូវីដ១៩ ចំនួន ៩២នាក់ក៏បានស្លាប់ផងដែរ។ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ រុស្ស៉ីមានអ្នកឆ្លងកូវីដ១៩ ជាង ៥០,០០០នាក់ ជាលើកដំបូង ក្នុងរយៈពេលជាង ៦ខែមកនេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន រុស្ស៉ីមានអ្នកឆ្លងកូវីដ១៩ សរុប ១៩.៦២លាននាក់ ក្នុងនោះស្លាប់ ៣៨៤,៥៣២នាក់ និងជាសះស្បើយ ឡើងវិញ ១៨.៦៧លាននាក់៕