(ឌូបៃ)៖ សហរដ្ឋអាមេរិក បានដាក់សម្ពាធបង្ខំជាលើកទី២ នៅក្នុងសប្ដាហ៍នេះឱ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ចំនួន២គ្រឿង ដែលត្រូវបានកងទ័ព ជើងទឹកអ៉ីរ៉ង់រឹបអូស កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានទទួលស្គាល់ថាកងទ័ពជើងរបស់ខ្លួន ពិតជាបានរឹបអូសកូននាវាគ្មានមនុស្សបើក ២គ្រឿងរបស់សហរដ្ឋអាមេរិក នៅឯតំបន់សមុទ្រក្រហមពិតមែន។ ក៏ប៉ុន្តែ បានចោទប្រកាន់ថាកូននាវាគ្មានមនុស្សបើកទាំង២គ្រឿងនេះបានបំពានបទដ្ឋានសុវត្ថិភាពសមុទ្រ។ ទូរទស្សន៍រដ្ឋ អ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំង ចាម៉ារ៉ាន់ (Jamaran) របស់កងទ័ពជើងទឹកអ៉ីរ៉ង់ បានរឹបអូសនាវាពីរគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចៀស ឧទ្ទវហេតុដោយប្រការណាមួយ បន្ទាប់ពីបានបញ្ជូនសារព្រមានដល់កងទ័ពជើងទឹកអាមេរិក។ នៅក្រោយធានាបានសុវត្ថិភាពផ្លូវសមុទ្រ នាវាទាំង២គ្រឿងត្រូវ បានបញ្ជូនទៅកាន់កន្លែងមានសុត្ថិភាព»។

ក៏ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិក បានច្រានចោលការអះអាងរបស់អ៉ីរ៉ង់ ជាមួយការអះអាងថាកូននាវាគ្មានមនុស្សបើករបស់ខ្លួន មិនបានបង្កហានិភ័យ ឬគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រនោះទេ។ បើតាមក្រុមមន្ត្រីយោធាអាមេរិក នៅក្រោយការដាក់សម្ពាធយ៉ាងខ្លាំង ទើប អ៉ីរ៉ង់យល់ព្រមប្រគល់កូននាវាគ្មានមនុស្សបើកទាំង២គ្រឿង ទៅឱ្យកងទ័ពអាមេរិកជើងទឹកវិញ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ៕