(ប្រាស៊ីលីយ៉ា)៖ ការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចលើអនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី គ្រីស្ទីណា ហ្វឺរណាន់ដែស ឌេ ឃើស្នើ (Cristina Fernandez de Kirchner) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដោយជនសង្ស័យជាជនជាតិប្រេស៊ីលម្នាក់ បាន និងកំពុងបង្ខំឱ្យបេក្ខជនប្រធានាធិបតីសំខាន់ៗ ក្នុងប្រទេសប្រេស៊ីល គិតគូរឡើងវិញពីប្រព័ន្ធសន្តិសុខរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។

បេក្ខជនប្រធានាធិបតីដ៏សំខាន់ សម្រាប់ការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល នៅថ្ងៃទី២ ខែតុលាខាងមុខនេះ នោះគឺលោក លូឡា ដា ស៊ីលវ៉ា (Lula da Silva) និងប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន លោក ហ្សអៀ បុលសូណារ៉ូ (Jair Bolsonaro)។ ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក លូឡា ដា ស៊ីលវ៉ា បានគូសបញ្ជាក់ដូច្នេះថា «អំពើហិង្សា និងការរើសអើងខាងនយោបាយ ដែលជំរុញលើកទឹកដោយមនុស្សមួយចំនួន គឺជាការគំរាមកំហែងមួយដល់ប្រជាធិតេយ្យនៅក្នុងតំបន់របស់យើង»

ចំណែកឯ ក្រុមមន្ត្រីការពារសន្តិសុខរបស់លោក បុលសូណារ៉ូ ក៏កំពុងគិតគូរឡើងវិញផងដែរពីការបង្កើនកិច្ចការពារសន្តិសុខជូនរូបលោក ជាពិសេសនៅពេល ធ្វើដំណើរតាមផ្លូវ និងចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ លោក បុលសូណារ៉ូ ដែលតែងតែពាក់អាវក្រោះការពារគ្រាប់កាំភ្លើងជាប្រចាំ កំឡុង ជួបជុំជាមួយក្រុមអ្នកគាំទ្រ ស្ទើរតែបាត់បង់ជីវិតកាលពីឆ្នាំ២០១៨ នៅពេលដែលលោកត្រូវបានជនល្មើសម្នាក់ចាក់នឹងកាំបិតឱ្យរបួសធ្ងន់។

គួរបញ្ជាក់ថា អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី គ្រីស្ទីណា ហ្វឺរណាន់ដែស ឌេ ឃើស្នើ (Cristina Fernandez de Kirchner) បានរួចផុតពីការប៉ុនប៉ង ធ្វើឃាត កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈលោកស្រីកំពុងស្វាគមន៍អ្នកគាំទ្រនៅខាងក្រៅផ្ទះរបស់លោកស្រីក្នុងទីក្រុង ប៊ុយណូស៊ែ (Buenos Aires)។

បើតាមលោកប្រធានាធិបតីអាហ្សង់ទីន អាល់បឺតូ ហ្វឺរណាន់ដែស (Alberto Fernandez) ខ្មាន់កាំភ្លើងម្នាក់បានយកកាំភ្លើងតម្រង់ចំមុខរបស់លោកស្រី ប៉ុន្តែជា សំណាងល្អ កាំភ្លើងនេះបែរជាបាញ់មិនចេញគ្រាប់ទៅវិញ។ ប៉ូលិសអាហ្សង់ទីនបានចាប់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងភា្លមៗ។ តែខណៈកំពុងបើក ការស៊ើបអង្កេត ប៉ូលិសមិនបានបញ្ចេញអត្តសញ្ញាណលម្អិតពាក់ព័ន្ធនឹងជនសង្ស័យរូបនេះទេ ដោយគ្រាន់តែឱ្យដឹងថាជាបុរសជនជាតិប្រេស៊ីលម្នាក់ មានអាយុ ៣៥ឆ្នាំ៕