(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំមកពីបណ្ដាប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក ក្នុងទីក្រុង វ៉ាស៊ីនតោន នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញានេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងនេះ ខណៈពួកគេកាន់តែមានទំនាក់ទំនងល្អ ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រសប្ដាហ៍នេះ សេតវិមានបានឱ្យដឹងទៀតថា កិច្ចប្រជុំកំពូលខាងលើ គឺនឹងឆ្លុះបញ្ចំងពីកិច្ចសហប្រតិបត្តិការយ៉ាង ទូលំទូលាយ និងស៊ីជម្រៅរបស់សហរដ្ឋអាមេរិក លើបញ្ហាសំខាន់ៗជាច្រើន ក្នុងនោះរួមមានការប្រែប្រួលអាកាសធាតុ ការឆ្លើយតបទៅនឹងជំងឺឆ្លងរាតត្បាត ការស្ដារសេដ្ឋកិច្ច សន្តិសុខសមុទ្រ កិច្ចគំាពារបរិស្ថាន និងការជំរុញទៅមុខនូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

ដោយឡែក មន្ត្រីអាមេរិកម្នាក់បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សេតវិមាន បានបញ្ជើញមេដឹកនាំនៃបណ្ដាប្រទេសដែនកោះប៉ាស៊ីហ្វិក ទាំង១២ ចូលរួមក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុងវ៉ាស៊ីនតោន រួមមានទាំងប្រទេសដែនកោះសូឡូម៉ុន ដែលបានចុះកិច្ចព្រមព្រៀងផ្នែកសន្តិសុខជាមួយចិន កាលពីខែមេសាកន្លងទៅផងដែរ។ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានបង្ហាញក្ដីបារម្ភថាកិច្ចព្រមព្រៀងនេះអាចនឹងអនុញ្ញាឱ្យចិនដាក់មូលដ្ឋាន នៅពេលអនាគត៕