(វ៉ាស៊ីនតោន)៖ ម្ចាស់ហាងការ៉េម ទូតទី ហ្វ្រូតទី (Tutti Frutti) ដែលមានសាខាជាច្រើនទីតាំងនៅក្នុងរដ្ឋ ញូវ ហេមស័រ (New Hampshire) និងរដ្ឋ ម៉ាស់សាជូសែត (Massachusetts) សហរដ្ឋអាមេរិក ត្រូវបានប៉ូលិសចោទប្រកាន់ពីបទលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ទឹក នៅក្នុងហាងមួយកន្លែង ជាសាខា មួយនៃហាងរបស់លោក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន NBC Boston នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។

ប៉ូលិសទីក្រុង ណាសួ (Nashua) នៃរដ្ឋ ញូវ ហេមស័រ បានចោទប្រកាន់ម្ចាស់ហាងការ៉េម Tutti Frutti លោក ចាន់ផានូ ពូ (Chanphanou Pou) មានអាយុ ៤២ឆ្នាំ រស់នៅក្នុងទីក្រុងហូស្តុន រដ្ឋ ញូវ ហេមស័រ ចំនួន៣បទល្មើសពាក់ព័ន្ធនឹងការបំពានសិទ្ធិឯកជន។ ប៉ុន្តែ ប៉ូលិសអនុញ្ញាឱ្យលោកនៅក្រៅ ឃុំជាមួយការតម្កល់ប្រាក់ ៥០០ដុល្លារ ហើយលោកនឹងត្រូវឡើងតុលាការក្នុងទីក្រុង ណាសួ នៅថ្ងៃទី៣ ខែតុលាខាងមុខ។

គួរបញ្ជាក់ថា បើតាមប៉ូលិស កាមេរ៉ាត្រូវបានគេរកឃើញនៅក្នុងបន្ទប់ទឹក នៃហាងមួយដែលជាសាខារបស់ហាង Tutti Frutti មានទីតាំងស្ថិតក្នុងផ្សារ ទំនើប ភៀសិន លេន ម៉ល់ (Pheasant Lane Mall) ក្នុងទីក្រុងណាសួ បន្ទាប់ពីមានពាក្យបណ្ដឹងពីជនរងគ្រោះជាច្រើននាក់កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ៕