(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានធ្វើដំណើរទៅដល់គេហដា្ឋនរបស់លោកក្នុង រដ្ឋធានីកូឡុំបូវិញហើយ នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ៧សប្ដាហ៍បន្ទាប់ពីលោករត់ភៀសខ្លួនចេញពីប្រទេស ចំពោះមុខវិបត្តិសេដ្ឋកិច្ច និងបាតុកម្មតវ៉ា ទាមទារឱ្យលោកលាលែងចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។

លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ ដោយធ្វើដំណើរទៅដល់ប្រទេសម៉ាល់ឌីវ និងសិង្ហបុរី បន្ទាប់ពីក្រុមបាតុករសម្រុកចូលការិយាល័យប្រធានាធិបតីរបស់លោក។ លោកបានសម្រេចចិត្តលាលែងចេញពីតំណែងក្នុងពេលស្នាក់ នៅសិង្ហបុរី ហើយក្រោយមក បានបន្តធ្វើដំណើរទៅកាន់ប្រទេសថៃ ជាទីដែលលោកបានដាក់ញត្តិទៅកាន់ប្រធានាធិបតីស្រីលង្កាសព្វថ្ងៃ គឺលោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) ដើម្បីជួយសម្រួលឱ្យលោកបានត្រឡប់ចូលស្រុកវិញ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា មិនទាន់បានពន្យល់ដោយផ្ទាល់មាត់ថាតើហេតុអ្វីបានជាលោកភៀសខ្លួន ចេញពីប្រទេសកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗកន្លងទៅនេះនោះទេ ហើយក៏មិនបានបញ្ជាក់ថាតើហេតុអ្វីបានជាសម្រេចចិត្តត្រឡប់ចូលស្រុកវិញ នោះដែរ៕