(ប៉េកាំង)៖ ចាប់ពីខែកុម្ភៈឆ្នាំនេះមក រដ្ឋនានានៃសហរដ្ឋអាមេរិកបានលុបចោលជាបន្តបន្ទាប់ នូវវិធានការដាក់កំហិតស្តីពីការបង្ការការរីករាលដាលនៃនៃជំងឺកូវីដ ១៩។ ពេលថ្មីៗកន្លងទៅនេះ សមាជិកនៃក្រុមការងារទប់ទល់នឹងការរីករាលដាលនៃជំងឺឆ្លងនៃសេតវិមានអាមេរិកបានបញ្ជាក់ថែមមួយកម្រិតទៀតថា រដ្ឋាភិបាលគ្រោងនឹងបញ្ឈប់ជួយប្រជាជនបង់ថ្លៃធ្វើតេស្តរកវីរុសកូវីដ ១៩ ថ្លៃព្យាបាលជំងឺនិងថ្លៃចាក់វ៉ាក់សាំងចាប់ពីរដូវរំហើយឆ្នាំនេះតទៅ។

ប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិតមួយចំនួននៅសហរដ្ឋអាមេរិកនិងអង់គ្លេស បានផ្តោតសំខាន់ទៅលើផលវិបាកដ៏អាក្រក់គ្រប់បែបយ៉ាង ដែលបណ្តាលមកពីគោលនយោបាយបង្ការជំងឺកូវីដ ១៩ របស់អាមេរិក ពោលគឺកំពុងអនុវត្តវិធានការអសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំណែកពិធីករដ៏ល្បីឈ្មោះម្នាក់ ក៏បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមថា «បច្ចុប្បន្ននេះ ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ នៅអាមេរិកជារៀងរាល់សប្តាហ៍ច្រើនជាង អ្នករងគ្រោះក្នុងព្រឹត្តិការណ៍ភេរវកម្ម '១១ កញ្ញា' ទៅទៀត!»

គួររំលឹកថា វេបសាយនៃកាសែត «The Guardian» របស់អង់គ្លេសបានចេញផ្សាយអត្ថបទកាលពីថ្ងៃទី៣០ ខែសីហា ដោយបានលើកឡើងថា ទន្ទឹមនឹងគោលនយោបាយបង្ការជំងឺកូវីដ ១៩ របស់អាមេរិកកំពុងបន្ធូរបន្ថយពីមួយថ្ងៃទៅមួយថ្ងៃ បានបណ្តាលឱ្យក្រុមមនុស្សងាយរងគ្រោះដែលមានភាពស៊ាំ នឹងរោគអន់បង្គួរបាននិងកំពុងរងផលប៉ះពាល់ពីវីរុសកូវីដ ១៩ មានសភាពកាន់អាប់អួរទៅៗថែមមួយកម្រិតទៀត ហើយមនុស្សចាស់ជរា កុមារនិងក្រុមមនុស្សដែលមានភាពស៊ាំនឹងរោគអន់បង្គួរ កំពុងបង់តម្លៃចំពោះទង្វើរបស់អ្នកផងទាំងពួងដែលមិនបានពាក់ម៉ាស់។

វេបសាយនៃទស្សនាវដី្តប្រចាំខែ «The Atlantic Monthly» របស់អាមេរិកបានចេញផ្សាយអត្ថបទ កាលពីថ្ងៃទី២៩ ខែសីហា ដោយបានលើកឡើងថា គិតរហូតដល់បច្ចុប្បន្ននេះ ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកបានលើសពី ១ លាននាក់ ហើយមានមនុស្សកាន់តែច្រើនបាននិងកំពុងទទួលរង ការខាតបង់ដែលមិនអាចប៉ះប៉ូវបាន ចំពោះសិទ្ធិសុខភាពរបស់ខ្លួនដោយសារវីរុសកូវីដ១៩។ ដោយសារការរីករាលដាល នៃជំងឺឆ្លងពិបាកនឹងគ្រប់គ្រង បានបណ្តាលឱ្យស្ថានភាពគ្រប់បែបយ៉ាង ដូចជាករណីឆ្លងជំងឺកូវីដ ១៩ បន្តកើនឡើងយ៉ាងខ្លាំង មន្ទីរពេទ្យផ្ទុកពេញអ្នកជំងឺកូវីដ១៩ និងអ្នកជំងឺដែលមានរោគសញ្ញាផ្សេងទៀត មិនអាចទទួលការព្យាបាលជំងឺដោយទាន់ពេលវេលាជាដើម បានធ្វើឱ្យសហរដ្ឋអាមេរិកទាំងមូលមាន «ភាពកាន់តែអន់ខ្សោយ» ហេតុនេះហើយ ប្រព័ន្ធសុខាភិបាលនឹងប្រឈមនឹងហានិភ័យ ក្នុងរយៈពេលយូរព្រមទាំងអនាគតដ៏ស្មុគស្មាញ។

កាលពីថៃ្ងទី២៤ ខែសីហា របាយការណ៍ពិនិត្យអង្កេតរបស់សមាគម Brookings នៃអាមេរិកបានបង្ហាញឱ្យឃើញថា មនុស្សចំនួន ១៦,៣ លាននាក់ (ប្រហែលត្រូវជា ៨ភាគរយ) នៃជនជាតិអាមេរិកដែលមានអាយុធ្វើការកំពុងទទួលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីរោគបន្សល់ទុកពីជំងឺកូវីដ ១៩ ទំហំសរុបនៃការខាតបង់ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជិត ២ សែនលានដុល្លារអាមេរិក។ របាយការណ៍នេះក៏បានសង្កត់ធ្ងន់ដែរថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានអូសបន្លាយយ៉ាងខ្លាំងនូវរយៈពេលងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក ក៏ដូចជាធ្វើឱ្យវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារកាន់តែធ្ងន់ធ្ងរទៅៗ។ ប្រសិនបើរដ្ឋាភិបាលបន្តមិនធ្វើអន្តរគមន៍ណាទៀត នោះ សភាពការណ៍បែបនេះប្រហែលនឹងកាន់តែអាប់អួរទៅថែមមួយកម្រិតទៀត។

កាសែតញ៉ូវយ៉កថាមអាមេរិកក៏ធ្លាប់ចេញផ្សាយអត្ថបទនៅចុងខែកក្កដា ដោយបានលាតត្រដាងថា នាពេលថ្មីៗកន្លងទៅនេះ ករណីឆ្លងជំងឺកូវីដ ១៩នៅសហរដ្ឋអាមេរិកកំពុងកើនឡើងយ៉ាងគំហុក ករណីស្លាប់នៅតែបន្ដកើនឡើងជាបន្តបន្ទាប់ ចំណែកឯអត្រាចាក់វ៉ាក់សាំងដូសជំរុញនៃប្រជាជនអាមេរិកត្រឹមតែប្រហែល ៥០ ភាគរយប៉ុណ្ណោះ ហើយ"បទបញ្ជាស្តីពីការពាក់ម៉ាស់"ក៏ពិបាកនឹងអនុវត្តជាថ្មីឡើងវិញ។ របាយការណ៍នេះបានសង្កត់ធ្ងន់ថា មូលហេតុពីឬគល់ដែលបណ្តាលឱ្យកើតមានសោកនាដកម្មនេះ គឺស្ថិតនៅលើវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាល នៃជំងឺឆ្លងរបស់អាមេរិកដែលបានបម្រើដល់ការតម្កល់ទុក «ប្រាក់ទុនជាអាទិភាព» និងតម្កល់ទុក «ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនជាអាទិភាព» ជាប់រហូតមក។ ដោយឡែកធាតុពិត នៃគោលនយោបាយអសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ របស់អាមេរិក គឺ ការធ្វើព្រងើយកន្តើយមិនអើពើយ៉ាងខ្លាំង ចំពោះអាយុជីវិតនិងមិនបំពេញភារកិច្ចរបស់ អ្នកសម្រេចគោលនយោបាយ៕

វិទ្យុមិត្តភាពកម្ពុជាចិន