(ប៉េកាំង)៖ ដើម្បីពង្រីកការយល់ដឹងនិងបទពិសោធន៍ផ្នែកពាណិជ្ជកម្មសេវាកម្ម ដែលរួមមានការដឹកជញ្ជូន ទេសចរណ៍ សេវាហិរញ្ញវត្ថុ ការប្រើប្រាស់កម្មសិទ្ធិបញ្ញា សេវាទូរគមនាគមន៍ ព័ត៌មានវិទ្យា និងសេវាកម្មវិជ្ជាជីវៈផ្សេងទៀត ទើបក្រសួងពាណិជ្ជកម្មចិននិងរដ្ឋបាលរដ្ឋធានីប៉េកាំង បានរៀបចំជាពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម ដែលជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិត្រូវបានរៀបចំឡើងចាប់ពីឆ្នាំ២០២០មក។ ក្នុងឆ្នាំ២០២២ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម បានប្រារព្ធធ្វើចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា នៅរដ្ឋធានីប៉េកាំង។

ដើម្បីចូលរួមក្នុងការពង្រឹងខឿនសេដ្ឋកិច្ចសកលក្នុងចរន្តនៃការអភិវឌ្ឍសកល ប្រទេសចិនបានធ្វើឱ្យពាណិជ្ជកម្មសេវាកម្ម ក្លាយជាកម្លាំងចលករថ្មីក្នុងពាណិជ្ជកម្មអន្តរជាតិនិងកំណើនសេដ្ឋកិច្ចដែលប្រទេសចិនតែងបានបើកទូលាយមុខរបរសេវាកម្មនិងការអភិវឌ្ឍនវានុវត្តន៍លើវិស័យពាណិជ្ជកម្មសេវាកម្មដោយបានចែករំលែកនូវការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅនិងបើកចំហកាន់តែទូលាយ ដែលជាការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិន ក្នុងការជំរុញការអភិវឌ្ឍសកលដែលប្រកបដោយការបើកទូលាយ កម្រិតកាន់តែខ្ពស់ ព្រមទាំងជាការបង្ហាញឱ្យឃើញនូវគោលបំណងយ៉ាងសំខាន់ ដែលចង់ចែករំលែកឱកាសអភិវឌ្ឍន៍ពាណិជ្ជកម្មសេវាកម្មជាមួយពិភពលោក និងរួមគ្នាជំរុញការងើបឡើងវិញនិងកំណើន នៃសេដ្ឋកិច្ចសកលក្នុងពេលដែលវិបត្តិកូវីដ-១៩ មានសភាពថមថយ ហើយក៏ជាវេទិកាបកស្រាយបញ្ហាពិបាក នាពេលបច្ចុប្បន្ននេះលើវិស័យសេដ្ឋកិច្ចសកល ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ ព្រមទាំងជាត្រីវិស័យចង្អុលបង្ហាញពីទិសដៅ សម្រាប់រួមគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរ។

ដូចដែលពិភពលោកបានទទួលស្គាល់រួចមកហើយថា ទិន្នន័យជាផ្លូវការរបស់ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា បានកើនឡើង២,៥% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលឈានដល់៥៦ ២៦៤,២ពាន់លានប្រាក់យាន់ចិន ឬស្មើនឹង៨ ៣២៧,១ពាន់លានដុល្លារអាមេរិក។ ដោយឡែក ចំពោះទិន្នន័យដែលអគ្គនាយកដ្ឋានគយចិនបានចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា៧ខែដំបូងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិនជាមួយអាស៊ានគឺ៣,៥៣ទ្រីលានប្រាក់យាន់ចិន ដែលបានកើនជាង១៣,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ហើយត្រូវជា១៥%នៃទំហំពាណិជ្ជកម្មសរុបរបស់ចិនជាមួយបរទេស។ នេះជាសមិទ្ធផលថ្មីបំផុតនៃកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាស៊ាន ហើយក៏ជាតារាងពន្ទុដ៏ល្អប្រសើរនៃកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ផងដែរ។

ដើម្បីរួមកម្លាំងគ្នាក្នុងការគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្ម របស់បណ្តាប្រទេសនានាស្ថិតនៅតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» និងចែករំលែកសមិទ្ធផលបច្ចេកវិទ្យារបស់ខ្លួន ស្របតាមផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ (ឆ្នាំ២០២១-ឆ្នាំ២០២៥) ប្រទេសចិនបានធ្វើឱ្យពិព័រណ៍អន្តរជាតិចិន សម្រាប់ពាណិជ្ជកម្មសេវាកម្មចូលរួមយ៉ាងសកម្ម នៅលើការលើកកម្ពស់កម្រិតបើកទូលាយថែមមួយកម្រិតទៀត ព្រមទាំងបង្កើនការផ្តល់ការគាំទ្រដល់ ការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មស្របតាម និយាមច្បាប់ពាណិជ្ជកម្មសេវាកម្មសកល ដើម្បីឱ្យបណ្តាប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» រួមកម្លាំងគ្នាក្តាប់ជាប់តម្រូវការថ្មីលើវិស័យពាណិជ្ជកម្មសេវាកម្ម ព្រមទាំងឆ្លើយតបបានទាន់ពេលវេលា នូវការផ្តល់ដំណោះស្រាយត្រឹមត្រូវលើការប្រឈមថ្មីលើវិស័យពាណិជ្ជកម្មសេវាកម្មផងដែរ។

ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចឌីជីថលតាមយុគសម័យទំនើបរបស់ពិភពលោក ប្រទេសចិនបានធ្វើឱ្យពិព័រណ៍អន្តរជាតិចិន សម្រាប់ពាណិជ្ជកម្មសេវាកម្មមានទ្រង់ទ្រាយ នៃការរៀបចំកាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានរំលេចចេញនូវប្រធានបទកាន់តែ មានសារៈសំខាន់ដល់កិច្ចបង្កើនទំហំការអភិវឌ្ឍសកល របស់ពិភពលោកដោយរួមមានសេដ្ឋកិច្ចឌីជីថល របៀបអភិវឌ្ឍសង្គមជាតិបែបថ្មីមួយសំដៅ កសាងបាននូវសហគមន៍ជោគវាសនារួម ដោយនាំពិភពលោកចាកចេញជាបណ្តើរៗ នូវការស្តារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លើសពីនេះ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម នឹងជួយឱ្យសហគ្រាសសកលបង្កើតទំនាក់ទំនងកាន់តែរឹងមាំ តាមបែបផែនឌីជីថល ធ្វើឱ្យបណ្តាប្រទេសទាំងអស់មានជំនឿចិត្តកាន់តែរឹងមាំ ក្នុងការធ្វើអាជីវកម្មនៅទីផ្សារចិន ដែលមានភាពនឹងនរនិងយូរអង្វែង តាមរយៈបទពិសោធន៍ដ៏មហិមារបស់ប្រទេសចិន ក្នុងនាមជាអ្នកដែលតែងបានរៀបចំ នូវពិព័រណ៍ចម្រុះលើវិស័យពាណិជ្ជកម្មសេវាកម្ម ដែលយល់ដឹងយ៉ាងច្បាស់និងស៊ីជម្រៅពីសកលភាវូបនីយកម្ម ភាពជំនាញនិងទីផ្សារភាពវូបនីយកម្ម។

ដើម្បីសម្រេចបាននូវការរួមចំណែកអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ប្រទេសចិនបានធ្វើឱ្យពិព័រណ៍អន្តរជាតិចិន សម្រាប់ពាណិជ្ជកម្មសេវាកម្មមានភាពបៃតងដោយលើកទឹកចិត្ត ដល់សហគ្រាសទាំងអស់ចូលរួមយ៉ាងសកម្ម នៅក្នុងការកាត់បន្ថយការបញ្ចេញការបូន រហូតដល់អព្យាក្រឹតភាពកាបូន ដែលជាកាលានុវត្តភាពទីផ្សារនិងផលប្រយោជន៍ ក្នុងការអភិវឌ្ឍដល់បណ្តាភាគីនានា ក្នុងន័យបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងចលករកាន់តែច្រើន ដល់សេដ្ឋកិច្ចសកលដែលបម្រើដល់ ផលប្រយោជន៍របស់មនុស្សជាតិ។

ជារួម ប្រទេសចិនដែលនៅបន្តមានកំណើនសេដ្ឋកិច្ច ព្រមទាំងមានឆន្ទៈរួមជាមួយបណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោកក្នុងការបង្កើននូវកិច្ចសហប្រតិបតិ្តការអន្តរជាតិ ដែលមានភាពបើកទូលាយនិងបរិយាប័ន្ន ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មលើកទី៣ ឆ្នាំ២០២២ នឹងបន្តដើរតួនាទីសំខាន់ក្នុងការជំរុញ ការងើបឡើងវិញសេដ្ឋកិច្ចសកលនិងអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មស្របតាមទស្សនៈ ស្តីពីការបង្កើតសហគមន៍វាសនាតែមួយរបស់មនុស្សជាតិ ដោយសារប្រទេសចិនតែងបានប្រកាន់ខ្ជាប់ការគោរព បញ្ជាក់ជំនឿចិត្តនិងផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកជាមួយបណ្តាប្រទេសទាំងអស់ ហើយជាពិសេសប្រទេសចិនតែងប្រកាន់ខ្ជាប់ការពិគ្រោះពិភាក្សាគ្នា សាងសង់ស្ពានសហប្រតិបត្តិការជាមួយគ្នា និងចែករំលែកជាមួយគ្នាជាប់រហូតមកដោយប្រទេសចិន តែងបានផ្តល់ជំនឿចិត្តកាន់តែខ្លាំងក្នុងការគាំពារពហុភាគីនិយម ជំរុញសេរីភាពនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន