(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានចោទប្រកាន់លោក ដូណាល់ ត្រាំ និងសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីរូបនេះថាកំពុង បំផ្លាញលទ្ធិប្រជាធិបតេយ្យអាមេរិក និងជំរុញឱ្យប្រជាជនអាមេរិកទាំងអស់បដិសេធចោលនូវគំនិតជ្រុលនិយម នៅមុនការបោះឆ្នោតពាក់កណ្ដាល អាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២។

លោក ចូ បៃដិនធ្វើការចោទប្រកាន់ខាងលើដោយចង់សំដៅលើអ្នកតំណាងរាស្ត្រ និងអ្នកគាំទ្រចលនា Make America Great Again (MAGA) របស់ លោក ដូណាល់ ត្រាំ ជាមួយការសង្កត់ធ្ងន់ថាអ្នកទាំងនោះមានបំណងលុបចោលការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ មិនអើពើនឹងរដ្ឋធម្មនុញ្ញ និងបានប្ដេជ្ញាចិត្តនាំសហរដ្ឋអាមេរិកត្រឡប់ទៅរកអតីតកាលវិញ ជាពេលដែលគ្មានសិទ្ធិរំលូតកូន គ្មានសិទ្ធិឯកជន គ្មានសិទ្ធិពន្យារកំណើត និងគ្មានអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។

នៅក្នុងសុន្ទរកថាមួយក្នុងទីក្រុង ហ្វីឡាដែលហ្វី (Philadelphia) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «លោក ដូណាល់ ត្រាំ និងអ្នកសាធារណរដ្ឋគាំទ្រចលនា MAGA គឺជាក្រុមជ្រុលនិយមដែលគំរាមកំហែងដល់រាល់មូលដ្ឋានគ្រឹះនៃសាធារណរដ្ឋរបស់ យើង...ហើយខណៈខ្ញុំកំពុងឈរនៅទីនេះ សមភាព និងប្រជាធិបតេយ្យកំពុងរងការវាយប្រហារ»

គួរបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍នយោបាយនៅក្នុងសហរដ្ឋអាមេរិក បានស្គាល់ភាពតានតឹងខ្លាំងសាជាថ្មី ក្រោយប៉ូលិស FBI បានឆ្មក់ឆែកឆេរ ផ្ទះរបស់លោក ដូណាល់ ត្រាំ ដោយប្រមូលបានឯកសារសម្ងាត់ជាច្រើនដែលគេជឿថាលោក ត្រាំ យកចេញពីសេតវិមានដោយខុសច្បាប់។ ប៉ុន្តែ ក្រុម អ្នកសាធារណរដ្ឋដែលគាំទ្រលោក ត្រាំ បានចោទប្រកាន់គណបក្សប្រជាធិបតេយ្យថាកំពុងប្រើការឆែកឆេររបស់ FBI ក្នុងចេតនានយោបាយធ្វើបាប និងរារាំងកុំឱ្យលោក ត្រាំ ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤៕