(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងអ៊ុយក្រែនប៉ុនប៉ងដណ្តើមយក រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) មកវិញ ពីការគ្រប់គ្រងរបស់រុស្ស៉ី នៅភាគខាងត្បូងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា ទាហានអ៊ុយក្រែនចំនួន ៦០នាក់ បានជិះទូកឆ្លងកាត់ទន្លេ ឌីនីប្រូ (Dnipro) នៅម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ជាទីបែងចែកតំបន់កាន់កាប់រវាងភាគីទាំងពីរ។ រុស្ស៉ី បានហៅសកម្មភាពនោះថាជា «ការបង្កហេតុ» ក្នុងគោលបំណងរំខានដល់ដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់ ក្រុមអ្នកជំនាញនៃទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ របស់អង្គការសហប្រជាជាតិ (UN) មកកាន់រោងចក្រនុយក្លេអ៊ែរខាងលើ។ ក្រសួងការពារជាតិរុស្ស៉ី បានបន្ថែមថា វិធានការឆ្លើយតបត្រូវបានធ្វើឡើង ដើម្បីបំបែកកម្លាំងអ៊ុយក្រែន រួមទាំងការប្រើប្រាស់យោធាដែនអាកាសផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ីបានអះអាងថា ខ្លួនមិនមានចេតនាដកកងកម្លាំងរបស់ខ្លួនទេ សម្រាប់ពេលនេះ ហើយកំពុងបង្កើនយុទ្ធសាស្រ្តសម្រាប់ ការកាន់កាប់រោងចក្រនុយក្លេអ៊ែរនេះបន្ថែមទៀត ខណៈអ៊ុយក្រែនយល់ឃើញថា ការងារអធិការកិច្ចនេះ អាចជាជំហានឆ្ពោះទៅរកការរំសាយការកាន់កាប់របស់រុស្ស៉ី និងបង្កើតតំបន់គ្មានយោធា នៅទីនោះ៕