(ប៉ាគីស្ថាន)៖ រដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយថា ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ ដែលកំពុងធ្វើការដើម្បីជួយមនុស្សរាប់សែននាក់ ដែលត្រូវបានជម្លៀសខ្លួន ដោយទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសប៉ាគីស្ថាន បានទាមទារឱ្យមានការបន្ធូរបន្ថយការរឹតបន្តឹង លើការនាំចូលស្បៀងអាហារ តាមច្រកព្រំដែនប្រទេសឥណ្ឌា ដែលជាប្រទេសគូរប្រជែងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។

ភ្លៀងមូសុងខ្លាំងមិនធ្លាប់មាន បានបង្កជាទឹកជំនន់ដែលបានលិចមួយភាគបីនៃប្រទេស និងបានសម្លាប់មនុស្សជាង ១,១០០នាក់ ក្នុងនោះមានកុមារ ៣៨០នាក់។ អង្គការសហប្រជាជាតិបានអំពាវនាវ សុំជំនួយចំនួន ១៦០លានដុល្លារអាមេរិក ដើម្បីជួយដល់អ្វីដែលខ្លួនហៅថាជា «មហន្តរាយអាកាសធាតុដែលមិនធ្លាប់មានពីមុនមក»

ប្រទេសប៉ាគីស្ថាន កំពុងប្រឈមមុខនឹងការកើនឡើងតម្លៃស្បៀងអាហារ ដែលរួមផ្សំនឹងទុក្ខវេទនារបស់មនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Miftah Ismail បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាបន្ធូរបន្ថយការរឹតបន្តឹង លើព្រំដែនបិទជិតជាមួយប្រទេសឥណ្ឌា ដើម្បីអនុញ្ញាតឱ្យមានការផ្គត់ផ្គង់បន្លែ និងអាហារផ្សេងទៀត។

លោក Ismail បាននិយាយនៅលើ Twitter ថា «ទីភ្នាក់ងារអន្តរជាតិច្រើនជាងមួយ បានស្នើសុំមករដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យពួកគេនាំយកស្បៀងអាហារ ពីប្រទេសឥណ្ឌាតាមព្រំដែនដីគោក»