(វ៉ាស៊ីនតោន)៖ សមាជិកសភា Congress របស់អាមេរិក បានត្រៀមរៀបចំការដាក់ពាក្យប្តឹងចំពោះលោកប្រធានាធិបតី ចូ បៃដិន ម្តងទៀត ក្រោយការបោះឆ្នោត ពាក់កណ្តាលអាណត្តិ។ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងសហរដ្ឋអាមេរិក គឺសំដៅទៅលើប្រភេទនៃការបោះឆ្នោតដែលប្រជាពលរដ្ឋអាមេរិកអាចជ្រើសរើស តំណាងរបស់ពួកគេ និងមន្ត្រីថ្នាក់ក្រោមជាតិផ្សេងទៀត ដូចជាអភិបាលរដ្ឋ, សមាជិកក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលតែងធ្វើនាពាក់កណ្តាលអាណត្តិនៃនីតិប្រតិបត្តិ។

សមាជិកសភានៃកូតាគណបក្សសាធារណរដ្ឋ បានប្តេជ្ញាថានឹងលើកយកបណ្តឹងប្តឹងចំពោះលោក ចូ បៃដិន មករៀបចំធ្វើសាជាថ្មីបន្ទាប់ពីមាន ការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

យោងតាមប្រតិទិនកំណត់ ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅក្នុងសហរដ្ឋអាមេរិក នឹងឈានមកដល់នៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២២។ បច្ចុប្បន្ន សមាជិកសភា Congress នៃគណបក្សសាធារណរដ្ឋ ដែលមានចំនួនអាសនៈតិច ជាងសមាជិកសភាគណបក្សប្រជាធិបតេយ្យក្នុងស្ថាប័នសភាកុងហ្គ្រេស មិនអាចធ្វើឱ្យពាក្យប្តឹង របស់ខ្លួនពាក់ព័ន្ធនឹងរឿងលោក ចូ បៃដិន នឹងត្រូវបានគេយកទៅពិនិត្យនោះឡើយ។ បណ្តឹង Impeachment ដាក់ប្តឹងទៅលោក ចូ បៃដិន ដែលជាមេដឹកនាំ គណបក្សប្រជាធិបតេយ្យ ត្រូវគេយកទៅពិនិត្យបាន លុះត្រាតែសមាជិកសភា Congress នៃគណបក្សសាធារណរដ្ឋ មានសំឡេងភាគច្រើន (Majority) ច្រើនជាង សំឡេងរបស់សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ។

ប៉ុន្តែសមាជិកសភា Congress នៃគណបក្សសាធារណរដ្ឋ បានរំពឹងថាស្ថានភាពនឹងអាចប្រែប្រួលបានមកវិញ បន្ទាប់ពីមានការបោះឆ្នោតពាក់កណ្តាលអាណត្តិ ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២២រួច។ សេចក្តីរាយការណ៍របស់កាសែត New York Times ក្នុងខែសីហា ឆ្នាំ២០២២ បានដកស្រង់ការស្ទង់មតិរបស់មហាវិទ្យាល័យ Siena របស់រដ្ឋញូយ៉ក ដែលនិយាយថាមានតែ ១៣ភាគរយនៃប្រជាជនអាមេរិកទេ ដែលជឿថាចំណាត់ការរបស់លោក ចូ បៃដិន នៅក្នុងការដឹកនាំ កំពុងធ្វើដំណើរ ក្នុងទិសដៅត្រឹមត្រូវ។ ប៉ុន្តែ ៧៧ ភាគរយនៃជនជាតិអាមេរិក រួមទាំង ២៧ ភាគរយនៃ ក្រុមអ្នកនយោបាយគណបក្សប្រជាធិបតេយ្យទៀតនោះបានជឿថា លោក ចូ បៃដិន កំពុងនាំសហរដ្ឋអាមេរិកដើរក្នុងទិសដៅខុស។

ការស្ទង់មតិនេះ គឺការបង្ហាញថាគណបក្សសាធារណរដ្ឋ នឹងអាចមានឳកាសក្នុងការផ្តួលលោក ចូ បៃដិនបាន។ ដូច្នេះការរៀបចំសេណារីយ៉ូដើម្បីរកការផ្តួល លោក ចូ បៃដិន ត្រូវបានរៀបចំជាបណ្តើរក្នុងនោះរួមមានទាំងការសើរើ នូវកំហុសពាក់ព័ន្ធនឹង ចំណាត់ការរបស់លោកប្រមាណជិត ២ឆ្នាំកន្លងមកនេះទៀត។
ក្រុមសមាជិកសភា Congress នៃគណបក្សសាធារណរដ្ឋ បានបញ្ជាក់ថាគេគាំទ្រឱ្យមានការសើរើបណ្តឹងប្តឹងលោក ចូ បៃដិននោះតាមរយៈការធ្វើ Impeachment ដោយសភាអាមេរិកទាំង២ថ្នាក់។

Impeachment គឺជាអំណាចដែលសភាតំណាងរាស្ត្រអាចបណ្តេញប្រធានាធិបតី ឬមន្ត្រី ក្នុងសហព័ន្ធចេញពីតំណែងប្រសិនបើសមាជិកសភាគ្រប់គ្រាន់រកឃើញថា បុគ្គលនោះបានប្រព្រឹត្តនូវកំហុស ដូចជាអំពើក្បត់, ស៊ីសំណូក, និងបទឧក្រិដ្ឋដទៃរួមនិងបទល្មើសប្រព្រឹត្តខុសប៉ុនណាក្តី។ បើសិនមានសំឡេងគាំទ្រភាគច្រើន ពេញចិត្តនឹងការធ្វើ Impeachment នោះប្រធានាធិបតីនឹងត្រូវប្រឈមនឹងការកោះហៅធ្វើសវនាការដើម្បីកំណត់រកទោសដាក់លើប្រធានាធិបតី។
ការបោះឆ្នោតកំណត់ការកាត់ទោសនៅស្ថាប័នសភាតំណាងរាស្ត្រ គឺតម្រូវរកសំឡេង គាំទ្រ៥០ភាគរយបូកមួយ ដើម្បីការនាំប្រធានាធិបតីដើម្បីកាត់ទោស នៅស្ថាប័នព្រឹទ្ធសភា។ ក្រោយការដេញដោល និងការធ្វើសវនាការកាត់ទោសនៅស្ថាប័នព្រឹទ្ធសភារួច នឹងត្រូវមានការបោះឆ្នោតរកសម្លេង២ភាគ៣គាំទ្រដើម្បី បណ្តេញប្រធានាធិបតីអាមេរិកនោះចេញពីតំណែង។

*តើលោក ចូ បៃដិន បានរងនឹងទោសកំហុសចោទប្រកាន់អ្វី?

ក្រុមសមាជិកសភា Congress នៃគណបក្សសាធារណរដ្ឋ បានចោទប្រកាន់លោកចូបៃដិនពី បទ «ប្រព្រឹត្តឧក្រិដ្ឋកម្មខ្ពស់» Committing High Crime ជុំវិញ ចំណាត់ការរបស់លោកលើបញ្ហាជាតិមួយចំនួន។ ការចោទប្រកាន់នូវកំហុសទាំងនោះរួមមានតួនាទីរបស់លោកក្នុងអំឡុងការឆ្លងកូវីដ-១៩, កិច្ចការពារព្រំដែន និងការដកកម្លាំងទ័ពអាមេរិកចេញពីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន។ ប៉ុន្តែ ពាក្យបណ្តឹងដែលក្រុមសមាជិកសភា Congress នៃគណបក្សសាធារណរដ្ឋ បានប៉ុនប៉ងធ្វើកន្លងមកនោះ ទទួលបរាជ័យដោយសារតែសំឡេងគាំទ្រមិនគ្រប់គ្រាន់នៅក្នុងសភាកុងហ្គ្រេស។

ប៉ុន្តែអ្វីទាំងនេះ ត្រូវគេរំពឹងថានឹងអាចមានការប្រែប្រួលនិងផ្លាស់ប្តូរស្ថានភាពពីការចាញ់ប្រៀប ទៅជាស្ថានភាពមានប្រៀបវិញ។ សមាជិកសភាកុងហ្គ្រេសនៃ គណបក្សសាធារណរដ្ឋ ជឿថាក្នុងការបោះឆ្នោតពាក់កណ្តាលអាណ្ណត្តិនោះ គណបក្សសាធារណរដ្ឋអាចដណ្តើមយកកៅអីបានច្រើនត្រឡប់មកវិញ។ សមាជិកសភា កុងហ្គ្រេសលោក Bob Good នៃរដ្ឋ Virginia បានថ្លែងថាអាទិភាពដ៏ធំមួយ សម្រាប់ក្រុមសភាមកពីគណបក្សសាធារណរដ្ឋ គឺត្រូវធ្វើការមើលលើនយោបាយព្រំដែន របស់លោកចូបៃដិន។ លោក Bob Good បានថ្លែងថាលោក ចូ បៃដិន នឹងមានកំហុសចំពោះការបើកជាអន្តរជាតិនូវព្រំដែនអាមេរិក និងការធ្វើឱ្យពលរដ្ឋអាមេរិក មិនសូវមានសុវត្ថិភាព ដោយសារទង្វើរបស់លោកនោះ។

លោក Bob Good បានថ្លែងថាស្ថាប័នសភាកុងហ្គ្រេស ត្រូវឱ្យប្រធានាធិបតីចូបៃដិនទទួលខុសត្រូវចំពោះកំហុសបើកព្រំដែន និងភាពបរាជ័យរបស់លោកដទៃទៀត លើការទទួលខុសត្រូវរដ្ឋធម្មនុញ្ញអាមេរិក។ បណ្តឹងប្រឆាំងចំពោះចំណាត់ការរបស់លោក ចូ បៃដិន តាមបិតមានយ៉ាងហោចចំនួន៨ ចាប់តាំងពីលោកបានឡើងធ្វើជា ប្រធានាធិបតីនោះមក។ យោងតាមច្បាប់បណ្តឹងទាំងនោះ នឹងត្រូវផុតសុពលភាពក្នុងពេលដែលមានការបញ្ចប់តំណែងសភាតំណាងរាស្ត្រក្នុងបច្ចុប្បន្ននេះ។
ប៉ុន្តែលោក Bob Good បានថ្លែងថានៅពេលដែលសភាកុងហ្គ្រេសគ្រប់គ្រង ដោយសំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋហើយនោះ ការប្តឹងលោក ចូ បៃដិន នឹងត្រូវចាប់ផ្តើមធ្វើចាប់ផ្តើមតាំងពីថ្ងៃដំបូង។ ទោះជាយ៉ាងណាក៏ដោយ, សមាជិកសភាគណបក្សសាធារណរដ្ឋខ្លះ បានថ្លែងថាគេចង់ឱ្យមានការសើរើបណ្តឹងរបស់ លោក ចូ បៃដិន នៅវេលាឆ្នាំ២០២៣នោះផងដែរ។ ក្នុងចំណោមពាក្យបណ្តឹងដែលបានប្តឹងលោក ចូ បៃដិននោះ ក៏រួមមានទាំងរបស់លោកស្រី Marjorie Taylor Green នៃរដ្ឋ Georgia ផងដែរ។ ការិយាល័យនាំពាក្យរបស់លោកស្រីបានថ្លែងថាលោកស្រី ចង់ឱ្យមានការកាត់ទោសដល់លោក ចូ បៃដិនភ្លាមៗដែលអាច ធ្វើទៅបាន។

មន្ត្រីនាំពាក្យការិយាល័យរបស់លោកស្រី Marjorie Taylor Green ឈ្មោះ Nick Dyer បានថ្លែងថាតាមពិតគេគួរតែកាត់ទោសលោក ចូ បៃដិន តាំងពីពេលដែល លោកបានស្បថឡើងកាន់តំណែងនោះមកម្ល៉េះ។ ក្នុងចំណោមការប្តឹងប្រឆាំងនោះផងទៀត, សមាជិកសភាម្នាក់ទៀតនៃរដ្ឋ Illinois គឺលោកស្រី Mary Miller បានអំពាវនាវឱ្យមានការដកតំណែងរបស់លោក ចូ បៃដិនក្រោយដែលមានហេតុការណ៍ជម្លៀសមនុស្ស ចេញពីរដ្ឋធានីកាប៊ុល ក្នុងប្រទេសអាហ្វហ្កានីស្ថាន។
ការជម្លៀសមនុស្ស ក្រោមចំណាត់ការរបស់លោក ចូ បៃដិន ចេញពីក្រុងកាប៊ុលនាពេលនោះ បានធ្វើឱ្យមានមនុស្សស្លាប់ជិត២០០នាក់ ក្នុងនោះ ១៣នាក់ជា ទាហានអាមេរិក ដែលពួកគេត្រូវបានស្លាប់ដោយសារការបំផ្ទុះគ្រាប់អត្តឃាតរបស់សត្រូវនៅក្រៅព្រលានយន្តហោះក្រុងកាប៊ុល៖

លោកស្រី បានថ្លែងថា «យើងបានឈានជិតដល់ខួបមួយឆ្នាំនៃព្រឹត្តិការណ៍វិនាសកម្មដកកងទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន ពីព្រោះយើងខ្សោយ និងគ្មានភាពជា មេដឹកនាំរបស់លោក ចូ បៃដិន។ យើងបានបាត់បង់ទាហានបំរើការចំនួន១៣នាក់, យើងបានបាត់បង់កិត្តិយសរបស់ យើងលើឆាកអន្តរជាតិ, និងធ្វើឱ្យអស្ថិរភាពដល់ ពិភបលោកទាំងមូល។ យើងបានទុកចោលនូវសម្ភារៈតម្លៃច្រើនពាន់លានដុល្លារក៏ដូចជាមូលដ្ឋានអាកាសយុទ្ធសាស្ត្រ ប៉ុន្តែរហូតមកទល់ពេលនេះ គឺនៅមិនទាន់មាន សវនាការកាត់ទោស, មិនមានការបណ្តេញអ្នកណាម្នាក់ និងក៏មិនមានអ្នកណាដែលលាចេញពីតំណែងនោះផងដែរ»។ លោកស្រី បានថ្លែងថាលោកស្រីនឹង បន្តអំពាវនាវរកយុត្តិធម៌ និងលោកស្រីសង្ឃឹមថាពលរដ្ឋអាមេរិកនឹងធ្វើការទាមទារដូចគ្នានេះផងដែរ។

ក្នុងប្រវត្តិសាស្ត្រអាមេរិក មានប្រធានាធិបតីចំនួន៣ហើយដែលប្រឈមនឹងការធ្វើ Impeachment ៖គឺទី១ លោកប្រធានាធិបតី Andrew Johnson ក្នុងឆ្នាំ១៨៦៨, ទី២ លោកប្រធានាធិបតី Bill Clinton ក្នុងឆ្នាំ១៩៩៨, ទី៣ លោកប្រធានាធិបតី ដូណាល់ ត្រាំដែលមាន ចំនួន២ដង គឺម្តងក្នុងឆ្នាំ២០១៩ និងម្តងទៀតក្នុង ឆ្នាំ២០២១។ ពាក់ព័ន្ធនឹងភាពមិនពេញចិត្តចំពោះចំណាត់ការដឹកនាំរបស់លោក ចូ បៃដិន ក្នុងសហរដ្ឋអាមេរិកនេះ, សាស្ត្រាចារ្យ Joe Siracusa អ្នកវិភាគនយោបាយនៃសាកលវិទ្យាល័យ Curtin បានថ្លែងក្នុងសប្តាហ៍នេះថា តំណែងជាប្រធានាធិបតីរបស់លោក ចូ បៃដិន នឹងប្រឈមភាពបាត់បង់ដោយសារតែ លោកមិនមានអ្វីត្រូវបង្ហាញជាស្នាដៃសោះ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

លោកសាស្ត្រាចារ្យដដែលបន្តថាយោងតាមការស្ទង់មតិរបស់មហាវិទ្យាល័យ Siena របស់រដ្ឋញូយ៉កដដែលនោះថែមទៀត គឺប្រមាណ៥៨ភាគរយ បានជឿថាលោក ចូ បៃដិន បានធ្វើកិច្ចការរបស់លោកក្នុងភាពទន់ខ្សោយនិង៦៤ភាគរយបាននិយាយថាលោក ចូ បៃដិនបានធ្វើឱ្យខូចនូវដំណើរការសេដ្ឋកិច្ច។ ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយ សេចក្តីរាយការណ៍របស់កាសែត The Guardian ដកស្រង់សម្តីរបស់មន្ត្រីគណបក្សប្រជាធិបតេយ្យ ដែលថ្លែងថាលោក ចូ បៃដិន ដែលមានអាយុ ៧៩ឆ្នាំ នឹងគ្រោងបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងអាណ្ណត្តិទី២បន្ថែមទៀត ក្នុងការបោះឆ្នោតឆ្នាំ២០២៤។ លោក ចូ បៃដិន នឹងមានអាយុ៨២ឆ្នាំនៅក្នុងពេលដែល មានការបោះឆ្នោតអាណត្តិថ្មីនាពេលនោះ។

តាមពិត ឥស្សរជននយោបាយមួយចំនួនដែលគណបក្សប្រជាធិបតេយ្យបានមើលឃើញទុក ជាមុននៃបេក្ខជនប្រធានាធិបតីផងដែរនោះ មានដូចជាលោកស្រី អនុប្រធានាធិបតី Kamala Harris អាយុ៥៧ឆ្នាំ, អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា អាយុ៥៤ឆ្នាំ លោក Gavin Newsom និងលោករដ្ឋមន្ត្រីក្រសួងគមនាគមន៍ ភីតប៊ូទីជីច Pete Buttigieg អាយុ៤០ឆ្នាំ។ ប៉ុន្តែគណបក្សប្រជាធិបតេយ្យ បានថ្លែងបញ្ជាក់ថាបេក្ខជនដែលនឹងត្រូវឈរឈ្មោះសម្រាប់ការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនោះ គឺនៅតែជាលោក ចូ បៃដិន ជាដដែលនោះទេ បើទោះបីជាលោកមានវ័យចំណាស់ខ្លាំងនោះក៏ដោយ៕