(ប៉េកាំង)៖ អង្គការគាំពារសត្វអន្តរជាតិអន្តរជាតិ HSI កាលពីថ្ងៃអង្គារនេះ បានឱ្យដឹងថា សត្វឆ្មាសរុបជិត១៥០ក្បាល ដែលត្រូវគេបម្រុងបញ្ជូនទៅកាន់ កន្លែងសម្លាប់សត្វដើម្បីធ្វើជាម្ហូបនោះ ត្រូវបានប៉ូលិសជួយសង្រ្គោះ នៅឯភាគខាងកើតនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។

ពួកសត្វឆ្មាខាងលើត្រូវគេដាក់ឱ្យនៅប្រជ្រៀតគ្នា ក្នុងទ្រុងដែកដែលមានសភាពច្រេះចាប់ នៅពេលដែលពួកវា ត្រូវបានប៉ូលិសចិនរកឃើញ នៅទីក្រុងជីណាន (Jinan) ក្នុងខេត្តសានទុង (Shandong)។ យោងតាមសកម្មជន នៃអង្គការការពារសិទ្ធិសត្វក្នុងតំបន់ ហៅថា Vshine បានឱ្យដឹងថា ជនអន្ធពាលមួយក្រុម បានប្រើប្រាស់សត្វចាបធ្វើជានុយ ដើម្បីចាប់សត្វឆ្មាទាំងនោះ។

អង្គការ HSI បានអះអាងក្នុងសេចក្តីថ្លែងការណ៍ថា កំលុងប្រតិបត្តិការខាងលើ សត្វចាបចំនួន ៣១ក្បាល ក៏ត្រូវបានរកឃើញផងដែរ ហើយត្រូវបានព្រលែងចូលព្រៃវិញ។ រីឯសម្រាប់ពួកសត្វឆ្មាទាំងនោះ គឺភាគច្រើននៃពួកវាត្រូវគេជឿថា ជាសត្វចិញ្ចឹមនៅតាមផ្ទះ ហើយពេលនេះ ត្រូវបានបញ្ជូនទៅកាន់ កន្លែងផ្តល់ជម្រកសត្វអស់ហើយ។

គួរបញ្ជាក់ថា យោងតាមអង្គការ HSI សត្វសុនខ (ឆ្កែ) ខ្ទង់១០លានក្បាល និងឆ្មាប្រហែល៤លានក្បាល គឺត្រូវបានគេសម្លាប់សម្រាប់ការបរិភោគ ក្នុងមួយឆ្នាំៗនៅទូទាំងប្រទេសចិន៕