(សេអ៊ូល)៖ កងកម្លាំងចម្រុះនៃកងទ័ពកូរ៉េខាងត្បូង និងទាហានអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងលក្ខណៈទ្រង់ទ្រាយធំ នៅថ្ងៃពុធនេះ ដែលមានចម្ងាយប្រហែល ៣២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនកូរ៉េខាងជើង

ជាមួយនឹងការបាញ់កាំភ្លើងធំ, រថក្រោះ និងអាវុធផ្សេងទៀត ដែលត្រូវបានគេមើលឃើញថាជាការហាត់សមធ្វើសង្រ្គាម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។

សកម្មភាពលំហាត់យោធាខាងលើ ធ្វើឡើងកំលុងការត្រៀមបញ្ចប់សមយុទ្ធរួមប្រចាំឆ្នាំ រវាងសម្ព័ន្ធមិត្តទាំងពីរ ដែលបានចាប់ផ្តើម តាំងតែពីថ្ងៃចន្ទសប្តាហ៍មុនមក ហើយត្រូវបិទទៅវិញនៅថ្ងៃព្រហស្បតិ៍ស្អែក។ កំលុងការហាត់សមនាថ្ងៃពុធនេះ ដែលបានប្រព្រឹត្ត ទៅក្នុងទីក្រុង ផូឈុន (Pocheon) ក្បែរព្រំប្រទល់ជាមួយកូរ៉េខាងជើង គឺរួមមានការបាញ់ គ្រាប់ពិតចេញពី ការភ្លើងធំ ហោវីតសឺ (Howitzer), រថក្រោះ, កាំភ្លើងយន្ត ក៏ដូចជាកាំភ្លើងត្បាល់ជាដើម របស់អាមេរិក និងកូរ៉េខាងត្បូង។ ចំណែកយន្តហោះចម្បាំង A-10 និងឧទ្ធម្ភាគចក្រ Apache ក៏បានចូលរួមផងដែរ។

លោកវរសេនីយ៍ឯក ប្រាដុន អាន់ដឺសុន (Brandon Anderson) មេបញ្ជាការរងនៃកងពលតូសម្រាប់សមយុទ្ធនោះ បានឲ្យដឹងថា វាត្រូវបានរៀបចំឡើង ដោយមិនមានគោលដៅដើម្បីកំញើញសត្រូវណាមួយឡើយ ប៉ុន្តែជាក់ស្តែងគឺវាប្រព្រឹត្តទៅដោយផ្អែកលើ ហេតុផលសម្រាប់សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង។

គួរបញ្ជាក់ថា សមយុទ្ធទ្រង់ទ្រាយធំជាច្រើនរវាង សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ត្រូវបានលុបចោលចាប់តាំងពីឆ្នាំ២០១៨ គ្រាដែលសហរដ្ឋអាមេរិកព្យាយាមបញ្ចុះបញ្ចូល កូរ៉េខាងជើងឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ ក្រោយមកបញ្ហាជំងឺកូវីដ ១៩ បានបង្កការរំខានដល់ការហ្វឹកហាត់បន្ថែមទៀត៕