(ប្រាក)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) នៅថ្ងៃពុធនេះ បាននិយាយថា សហភាពអឺរ៉ុប (EU) គួរតែដាក់បម្រាមលើភ្ញៀវទេសចរជនជាតិរុស្ស៉ី ខណៈវាគឺជាចំណាត់ការមួយ ដែលក្រុមរដ្ឋមន្រ្តីការបរទេស EU ដែលបានមកជួបប្រជុំគ្នានៅទីក្រុងបាដ នៃប្រទេសឆែក ទំនងជាមិនអាចព្រមព្រៀងគ្នាឡើយ ដោយសារតែការខ្វែងគំនិតគ្នាខ្លាំង ជុំវិញបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។

ក្រុមរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេស ដែលជាសមាជិករបស់សហភាពអឺរ៉ុប ត្រូវគេរំពឹងថា នឹងព្រមព្រៀងគ្នាជាគោលការណ៍ លើការផ្អាកជាបណ្តោះអាសន្ន នូវកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការជាមួយទីក្រុងមូស្គូ។ ការផ្អាកនោះមានន័យថា ជនជាតិរុស្ស៉ី នឹងត្រូវប្រើពេលរង់ចាំយូរ និងបង់ប្រាក់ច្រើនជាងមុនសម្រាប់ទិដ្ឋាការ ប៉ុន្តែពួកគេនឹងមិនត្រូវហាមឃាត់ មិនឱ្យឈានជើងចូលដី EU តែម្តងនោះឡើយ។

យ៉ាងណាមិញ នៅមុនជំនួបរវាងក្រុមរដ្ឋមន្រ្តី EU លោក គូឡេបា បានអំពាវនាវយ៉ាងទទូចថា «ឥឡូវលែងជាពេលត្រូវប្រើប្រាស់ វិធានការល្មមៗទៀតហើយ គឺមានតែចំណាត់ការតឹងរ៉ឹងនិងឋិតថេរប៉ុណ្ណោះ ដែលអាចបង្កើតលទ្ធផលបាន។ ការដាក់បម្រាមទិដ្ឋាការ លើភ្ញៀវទេសចររុស្ស៉ី និងប្រភេទមួយចំនួនទៀត គឺជាការឆ្លើយតបយ៉ាងសមស្រប ចំពោះសង្រ្គាមឈ្លានពានដ៏ប្រល័យរបស់រុស្ស៉ី ដែលត្រូវបានគាំទ្រយ៉ាងលើសលប់ ដោយប្រជាជនរុស្ស៉ីផ្ទាល់»។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនផ្ទាល់ គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ធ្លាប់បានទទូចជាច្រើនលើករួចមកហើយដែរ ឱ្យ EU លែងអនុញ្ញាតឱ្យ ជនជាតិរុស្ស៉ីចូលក្នុងទឹកដីខ្លួនតទៅទៀត ដើម្បីឆ្លើយតបចំពោះការបង្កសង្រ្គាមរបស់រុស្ស៉ី នៅក្នុងប្រទេសរបស់លោក។ ការអំពាវនាវនេះ ទទួលបានការគាំទ្រច្រើន ពីសំណាក់បណ្តាប្រទេសអឺរ៉ុប នៅប៉ែកខាងជើងនិងខាងកើត ដូចជាអេស្តូនី, លីទុយអានី, ហ្វាំងឡង់, ឡេតូនី និងប៉ូឡូញ ជាដើម ប៉ុន្តែប្រទេសអឺរ៉ុបធំៗ ដូចជាអាល្លឺម៉ង់និងបារាំង បានព្រមានថា ចំណាត់ការធ្វើបែបនោះ នឹងមិនផ្តល់ផលល្អឡើយ ក្រោមហេតុផលថា ពលរដ្ឋរុស្ស៉ីទូទៅដូចជាសិស្ស-និស្សិត វិចិត្រករ សិល្បៈករ និងបុគ្គលសាមញ្ញដទៃៗទៀត គួរតែនៅត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូលមកកាន់ EU៕