(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) បាននិយាយនៅថ្ងៃពុធនេះថា ជប៉ុននឹងបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនបន្ថែមទៀត ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ ដោយនឹងដំឡើងចំនួនអ្នកដំណើរ ដែលអនុញ្ញាតឱ្យចូលមកក្នុងប្រទេស ដល់ចំនួន ៥០,០០០នាក់ ក្នុង១ថ្ងៃ និងលើកលែងការធ្វើដំណើរ មកពីគ្រប់ប្រទេសទាំងអស់ ក្នុងកញ្ចប់ដំណើរទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោកត្រឡប់មកធ្វើការវិញក្រោយឆ្លងកូវីដ១៩ នោះ លោក គីស៉ីដា បានលើកឡើថា ប្រទេសជប៉ុននឹងបន្តអនុវត្តវិធានការបន្ធូរបន្ថយថែមទៀត ដោយផ្អែកលើកម្រិតនៃការឆ្លងជំងឺកូវីដ ១៩ ទាំងនៅក្នុងនិងក្រៅប្រទេស រួមទាំងតម្រូវការរបស់អ្នកដំណើរ និងការគ្រប់គ្រងព្រំដែនរបស់ប្រទេសដទៃទៀត។

គួរបញ្ជាក់ថា ជប៉ុនបានចាប់ផ្តើមការបើកព្រំដែនជាដំណាក់កាល សម្រាប់ភ្ញៀវអន្តរជាតិ កាលពីខែមិថុនាកន្លងទៅ ក្រោយការដាក់ បម្រាមអស់រយៈពេលជាង២ឆ្នាំ។ ទោះជាបែបនោះក្តី ចំនួនអ្នកទេសចរដែលមកដល់ គឺត្រូវបានដាក់កំហិតត្រឹម ២០,០០០នាក់ ក្នុង១ថ្ងៃប៉ុណ្ណោះ ហើយត្រូវតែស្ថិតក្រោមកញ្ចប់ទេសចរណ៍ ដែលតម្រូវឱ្យមានភ្នាក់ងារទេសចរអមដំណើរជាប់ជានិច្ច៕