(ឡុងដ៍)៖ ម្ចាស់ក្សត្រីអេលីហ្សាបែតទី២ (Elizabeth II) របស់ចក្រភពអង់គ្លេស មានព្រះបន្ទូលកាលពីថ្ងៃចន្ទថា ព្រះនាងទ្រង់ «មានព្រះទ័យសោកស្ដាយជាខ្លាំង» ចំពោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានឆក់យកជីវិតមនុស្សជាង ១,១៥០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។

ព្រះមហាក្សត្រិយានីបានសរសេរក្នុងសំបុត្រមួយ ផ្ញើជូនប្រធានាធិបតីរបស់ប្រទេសនេះ លោក Arif Alvi ថា «ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង ដែលបានទទួលដំណឹងអំពីការបាត់បង់ជីវិតដ៏សោកនាដកម្ម និងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីទឹកជំនន់នៅទូទាំងប្រទេសប៉ាគីស្ថាន»

ព្រះមហាក្សត្រិយានីបានមានព្រះបន្ទូលទៀតថា «អារម្មណ៍របស់ខ្ញុំ គឺនៅជាមួយអ្នកទាំងអស់ដែលរងផលប៉ះពាល់ ក៏ដូចជាអ្នកដែលធ្វើការក្នុងស្ថានភាពដ៏លំបាក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ»

ទ្រង់បានបន្ថែមថា ចក្រភពអង់គ្លេសឈរក្នុងសាមគ្គីភាពជាមួយប៉ាគីស្ថាន ដើម្បីបានងើបឡើងវិញពី «ព្រឹត្តិការណ៍ដ៏អាក្រក់ទាំងនេះ»

គួរបញ្ជាក់ថា ទឹកជំនន់ភ្លាមៗដែលមិនធ្លាប់មានពីមុនមក បានបំផ្លាញផ្លូវ ថ្នល់ ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពាន ហើយសម្លាប់មនុស្សជាង ១,១៥០នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រជាជនជាង ៣៣លាននាក់ ឬស្មើនឹង ១៥% នៃចំនួនប្រជាជន ២២០លាននាក់ នៃប្រទេសប៉ាគីស្ថាន៕