(ហ្សឺណែវ)៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដឹកជញ្ជូនជំនួយជាលើកទីពីរ នៃជំនួយមនុស្សធម៌ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានចាកចេញពីអ៊ុយក្រែន ឆ្ពោះទៅកាន់ប្រទេសយេម៉ែននៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា កប៉ាល់ MV Karteria បានចាកចេញពីកំពង់ផែសមុទ្រខ្មៅនៅថ្ងៃអង្គារនេះ ដោយនឹងឈប់នៅក្នុងប្រទេសតួកគី ដើម្បីកិនគ្រាប់ធញ្ញជាតិទាំងនោះទៅជាម្សៅសិន មុនដឹកបន្តទៅកាន់ប្រទេសយេម៉ែន។

គួរបញ្ជាក់ថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបានធ្លាក់ចុះ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងខែកុម្ភៈ ដោយសារតែការបិទកំពង់ផែ។ ការនេះបានជំរុញឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង និងបង្កើនភាពអត់ឃ្លាននៅក្នុងតំបន់ក្រីក្របំផុត មួយចំនួននៃពិភពលោក។

អ៊ុយក្រែនបាននិយាយថា កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសតួកគី និងអង្គការសហប្រជាជាតិកាលពីខែកក្កដា បានជួយដោះស្រាយបញ្ហារាំងស្ទះស្បៀងអាហារ ហើយរហូតមកដល់ពេលនេះបាននាំចេញផលិតផលកសិកម្មប្រហែល ១.៥លានតោនហើយ តាមរយៈគំនិតផ្តួចផ្តើមសមុទ្រខ្មៅនេះ៕