(សីដនី)៖ ស្ថានទូតអាមេរិកប្រចាំប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះបានឱ្យដឹងថា រដ្ឋាភិបាលប្រទេសដីកោះសូឡូម៉ុន ដែលស្ថិតនៅឯតំបន់ប៉ាស៉ីហ្វិក បានជូនដំណឹងមកកាន់សហរដ្ឋអាមេរិកថា ខ្លួននឹងដាក់បម្រាមហាមឃាត់ មិនឱ្យនាវារបស់យោធាអាមេរិក ចូលចតនៅកំពង់ផែខ្លួនទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។

ស្ថានទូតអាមេរិកខាងលើ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «កាលពីថ្ងៃទី២៩ ខែសីហា សហរដ្ឋអាមេរិកទទួលបាន ការជូនដំណឹងជាផ្លូវការពីសំណាក់រដ្ឋាភិបាលសូឡូម៉ុន ស្តីពីការលែងអនុញ្ញាតឱ្យនាវាយោធាអាមេរិកទាំងអស់ ធ្វើទស្សនកិច្ចនៅទីនោះតទៅទៀត ដោយរង់ចាំការជូនដំណឹងជាថ្មីទៀត»

កាលពីសប្តាហ៍មុន នាវាមួយគ្រឿងរបស់កងឆ្មាំសមុទ្រអាមេរិក បានអះអាងថា ខ្លួនមិនអាចចូលចតនៅសូឡូម៉ុន តាមទម្លាប់បាន ដោយសារតែរដ្ឋាភិបាលសូឡូម៉ុន មិនឆ្លើយតបចំពោះសំណើសុំធ្វើយ៉ាងដូច្នោះ។ បើតាមការអះអាងរបស់យោធាជើងទឹករបស់អាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺនាវានោះដែលមានឈ្មោះ Oliver Henry ស្ថិតក្នុងបេសកកម្មល្បាតសកម្មភាពនេសាទខុសច្បាប់ នៅភាគខាងត្បូងមហាសមុទ្រប៉ាស៉ីហ្វិក សម្រាប់ទីភ្នាក់ងារនេសាទប្រចាំតំបន់ នៅពេលដែលមិនអាចទទួលបាន ការអនុញ្ញាតឱ្យចូលចត ដើម្បីចាក់សាំងនៅទីក្រុងហូនីយ៉ារ៉ា (Honiara) របស់សូឡូម៉ុន។

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់កោះសូឡូម៉ុន ជាមួយសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តនៅប៉ាស៉ីហ្វិករបស់ទីក្រុងវ៉ាស៉ីនតោន គឺមានភាពតានតឹង ចាប់តាំងតែពីទីក្រុងហូនីយ៉ារ៉ា បានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន កាលពីខែឧសភាមក៕