(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិហូឡង់ បានឲ្យដឹងថា សមាជិកកុម្មង់ដូពិសេសម្នាក់របស់ខ្លួនបានទទួលមរណភាពហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយរងរបួស ធ្ងន់ធ្ងរដោយសារការបាញ់ប្រហារនៅខាងក្រៅសណ្ឋាគារមួយក្នុងទីក្រុង ឥណ្ឌាណាប៉ូលិស (Indianapolis) សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។

បើតាមក្រសួងការពារជាតិហូឡង់ កុម្មង់ដូដែលបានស្លាប់ខាងលើមានឈ្មោះ ស៉ីមមី ផូអេតសេម៉ា (Simmie Poetsema) ហើយរូបគេ គឺជាទាហានម្នាក់ក្នុងចំណោម ទាហានហូឡង់ ៣នាក់ ដែលស្ថិតនៅសហរដ្ឋអាមេរិកសម្រាប់ការហ្វឹកហ្វឺន និងដែលបានរងរបួសក្នុងការបាញ់ប្រហារមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ជនងរងគ្រោះ ២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប៉ូលិសអាមេរិកជឿជាក់ថាការបាញ់ប្រហារនេះកើតមានឡើងក្រៅម៉ោងធ្វើការ និងបន្ទាប់ពីមានជម្លោះនៅខាងក្រៅ សណ្ឋាគារមួយ ក្នុងទីក្រុងឥណ្ឌាណាប៉ូលិស ប៉ុន្តែបានផ្តល់ព័ត៌មានតិចតួចអំពីករណីនេះទេ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតនៅតែបន្តការស៉ើបអង្កេតលើករណីបាញ់ប្រហារនេះ ដោយមិនទាន់មានការចាប់ខ្លួនជនសង្ស័យណាម្នាក់ ឡើយ រីឯរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះជនរងគ្រោះ ដែលបានស្លាប់ និងរងរបួស៕