(អ៉ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីក្រសួងផែនការរបស់ប្រទេសប៉ាគីស្ថាន លោក អាសាន អ៉ីកបាល់ (Ahsan Iqbal) បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថាការវាយតម្លៃ ជំហានដំបូងអំពីទំហំនៃការខូចខាត ដែលបង្កឡើងដោយមហន្តរាយទឹកជំនន់ដ៏អាក្រក់នាពេលថ្មីៗនេះ គឺមានចំនួនជាង ១០ពាន់លានដុល្លារ ហើយលោក ក៏បានអំពាវនាវផងដែរឱ្យពិភពលោកជួយប្រទេសរបស់លោក ទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្ស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយ Reuters លោក អ៉ីកបាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថាវានឹងមានទំហំធំ រហូតមកដល់ពេលនេះ ហើយការប៉ាន់ប្រមាណជាបឋម គឺធំធេងណាស់ ពោលគឺជាង ១០ពាន់លានដុល្លារឯណោះ»។ លោកបន្ថែមថារហូតមកដល់ពេលនេះ មានមនុស្សជាង ១,០០០នាក់ហើយបានស្លាប់ រីឯ ការខូចខាតផ្ទះមានជិតមួយលានខ្នង។

លោក អ៉ីកបាល់ បានវាយតម្លៃវាយថាទឹកជំនន់នាពេលថ្មីៗនេះ មានសភាពអាក្រក់ជាងទឹកជំនន់ដែលបានវាយប្រហារប្រទេសប៉ាគីស្ថាន កាលពីឆ្នាំ២០២០ ដែលនៅកាលនោះ អង្គការសហប្រជាជាតិ បានចាត់ទុកថាជាគ្រោះមហន្តរាយដ៏ធំបំផុតមិនធ្លាប់មាន។ បើតាមរដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ វាអាចចំណាយពេល ៥ឆ្នាំដើម្បីកសាង និងស្តារប្រទេសជាតិឡើងវិញ ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ប្រជាជនប៉ាគីស្ថានអាចនឹងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ទឹកជំនន់ភ្លាមៗដែលមិនធ្លាប់មានពីមុនមក បានបំផ្លាញផ្លូវ ថ្នល់ ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពាន ហើយសម្លាប់មនុស្សជាង ១,០០០នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រជាជនជាង ៣៣លាននាក់ ឬស្មើនឹង ១៥% នៃចំនួនប្រជាជន ២២០លាននាក់ នៃប្រទេសប៉ាគីស្ថាន៕