(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរនៅក្នុងប្រទេសប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថាចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បង្កឡើងដោយ ព្យុះភ្លៀងមូសុង បានកើនឡើងលើស ១,០០០នាក់ហើយ ខណៈប្រទេសជាច្រើនរួមមាន កាតា និងអ៉ីរ៉ង់ បានសន្យាផ្ដល់ជំនួយជាបន្ទាន់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ចាប់តាំងពីខែមិថុនាមក បានកើនដល់ ១,០៣៣នាក់ ហើយ ក្នុងនោះមាន ១១៩នាក់ បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បន្ថែមពីលើនេះ អាជ្ញាធរក៏បានព្រមានដែរពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅតាម តំបន់មួយចំនួនដែលស្ថិតនៅជាប់ព្រំដែនរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន និងទន្លេអ៉ីនឌូស (Indus) ចំពោះមុខភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនេះ ប៉ាគីស្ថានបានសម្រេចប្រកាសអាសន្នថ្នាក់ជាតិ បន្ទាប់ពីស្រុកជាង១០០ នៅទូទាំងខេត្តចំនួន៤ រួមមាន បាឡូជីស្ថាន (Balochistan), សីន (Sindh), ពូនចាប (Punjab) និងឃីបឺ ប៉ាកទូនក្វា (Khyber Pakhtunkhwa) បានទទួលរងការវាយប្រហារ ដោយគ្រោះទឹកជំនន់។ ចំណែកឯ លំនៅឋានប្រហែល ២២០,០០០ខ្នង ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង និងជាងកន្លះលានខ្នងទៀត បានរងការខូចខាត៕