(ប៊ែន)៖ ក្រុមសកម្មជនស្វីសទើបតែសម្រេចបានជោគជ័យ ក្នុងការទាមទារឱ្យមាន ការរៀបចំបោះឆ្នោតប្រជាមតិថ្នាក់ជាតិមួយ ដើម្បីបញ្ឈប់ការទិញយន្តហោះចម្បាំង F-35A ចំនួន៣៦គ្រឿង ពីសហរដ្ឋអាមេរិក ខណៈវាជាបញ្ហាមួយ ដែលនឹងបន្ថែមភាពស្មុគស្មាញ ទៅលើផែនការធ្វើទំនើបកម្មយោធា របស់ប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Financial Times នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។

ស្វីសបានក្លាយជាប្រទេសទី១៥ ដែលបានចុះឈ្មោះទិញ យន្តហោះចម្បាំង F-35 ដែលជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Lockheed Martin កាលពីខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែការសម្រេចចិត្តនេះ បានបង្កជាភាពចម្រូងចម្រាស នៅក្នុងប្រទេសរបស់ខ្លួន។ រដ្ឋាភិបាលស្វីសបានឱ្យដឹង កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ហត្ថលេខាជាង១០០,០០០ ត្រូវបានផ្ទៀតផ្ទាត់ថា គាំទ្រឱ្យមានការបោះឆ្នោតប្រជាមតិជាលើកទី២ ស្តីពីបញ្ហាថាគួរឬមិនគួរទិញយន្តហោះ F-35 ទាំងនោះ។ នៅក្រោមច្បាប់របស់ស្វីស រដ្ឋាភិបាលមានកាតព្វកិច្ច កំណត់កាលបរិច្ឆេទ ដើម្បីរៀបចំការបោះឆ្នោតនេះ ហើយត្រូវតែគោរពលទ្ធផលឆ្នោត។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៊ែន បានសម្រេចជ្រើសរើសយក យន្តហោះចម្បាំងអាមេរិក F-35 ក្នុងតម្លៃ៦.១ពាន់លានដុល្លារ ជំនួសគូប្រជែងដទៃទៀត រួមមាន យន្តហោះចម្បាំង Super Hornet របស់ក្រុមហ៊ុន Boeing, យន្តហោះចម្បាំង Rafale របស់ក្រុមហ៊ុន Dassault និងយន្តហោះ Eurofighter Typhoon របស់ក្រុមហ៊ុន Airbus។ ការសម្រេចចិត្តនោះត្រូវបានធ្វើឡើង ក្រោយការបោះឆ្នោតប្រជាមតិលើកទី១ កាលពីឆ្នាំ២០២០ ដែលគាំទ្រឱ្យស្វីសធ្វើទំនើបកម្មទ័ពអាកាសរបស់ខ្លួន ប៉ុន្តែក្នុងសំឡេងត្រឹមតែ៥០.១ភាគរយប៉ុណ្ណោះ។ ការបោះឆ្នោតពេលនោះ ក៏មិនបានកំណត់ជាក់លាក់ អំពីប្រភេទយន្តហោះចម្បាំង ដែលត្រូវទិញដែរ គឺទុកឱ្យក្រសួងការពារជាតិស្វីសជាអ្នកសម្រេច៕