(កៀវ)៖ ប្រជាជនអ៊ុយក្រែន នៅថ្ងៃពុធនេះនឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៣១ ចំពោះមុខការព្រមានពីការបង្កើនការវាយប្រហារដោយមីស៊ីលពីសំណាក់ កងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។

ពិធីបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែននៅថ្ងៃពុធ ទី២៤ ខែសីហានេះ គឺធ្វើឡើងចំពេលដែលការឈ្លានពានរបស់រុស្ស៉ីក៏បានឈានចូលដល់ខែទី៦ដែរ បន្ទាប់ពីលោក ពូទីន បញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកម្ភៈកន្លងទៅនេះ។ ប៉ុន្តែ ដោយសារតែការបារម្ភថារុស្ស៉ីអាចនឹងបង្កើនបាញ់ផ្លោង មីស៊ីល នៅថ្ងៃបុណ្យជាតិដ៏សំខាន់នេះ រដ្ឋាភិបាលលោកប្រធានាធិបតីហ្សេលេនស្គី បានហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈក្នុងរដ្ឋធានីកៀវ និងបានដាក់បម្រាមគោចរក្នុងតំបន់មួយចំនួន នៃទីក្រុងខាកៀវ ខណៈមន្ត្រីរដ្ឋាភិបាលជាច្រើនត្រូវបានបង្គាប់ឱ្យធ្វើការពីផ្ទះ។

លោក ហ្សេលេនស្គី មិនបានបញ្ជាក់លម្អិតថាតើរដ្ឋាភិបាលរបស់លោកនឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិដោយរបៀបណានោះទេ ដោយសារតែហេតុផលសន្តិសុខ ប៉ុន្តែលោកផ្ទាល់ក៏បានព្រមានដែរថានឹងធ្វើការសងសឹកយ៉ាងចាស់ដៃ បើរុស្ស៉ីបង្កើនការវាយប្រហារលើអ៊ុយក្រែន។

គួរបញ្ជាក់ថា អ៊ុយក្រែន បានទទួលឯករាជ្យពីអតីតសហភាពសូវៀត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩១ ហើយបច្ចុប្បន្នទាហានអ៊ុយក្រែនក៏កំពុងប្រយុទ្ធតស៊ូដើម្បី ឯករាជ្យដូចគ្នាដែរ៕