(ម៉ានីល)៖ នាថ្ងៃចន្ទនេះ សិស្សានុសិស្សរាប់លាននាក់ នៅទូទាំងប្រទេសហ្វីលីពីន ទើបតែបាននាំគ្នា ត្រឡប់ទៅចូលរៀនក្នុងថ្នាក់ផ្ទាល់វិញ នៅតាមសាលាបឋមសិក្សានិងវិទ្យាល័យ ដែលជាលើកដំបូងបំផុត ក្រោយខកខានអស់រយៈពេល២ឆ្នាំ ដោយសារតែការរាតត្បាតនៃកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។

ចាប់ពីថ្ងៃចន្ទនេះទៅ សាលារៀនរដ្ឋប្រហែល ២៤,០០០កន្លែង នៅទូទាំងហ្វីលីពីន ដែលស្មើនឹង៤៦ភាគរយ នៃសាលារៀនរដ្ឋសរុប គឺអាចបើកឱ្យសិស្សចាប់ផ្តើមចូលទៅរៀន ដល់ក្នុងថ្នាក់ផ្ទាល់ឡើងវិញបាន សម្រាប់រយៈពេល៥ថ្ងៃ ក្នុង១សប្តាហ៍។ រីឯសាលាដទៃក្រៅពីនោះ នឹងត្រូវអនុវត្តការរៀនសូត្រលក្ខណៈនៅតាមថ្នាក់ផ្ទាល់ផង និងតាមប្រព័ន្ធអនឡាញផង រហូតទាល់តែដល់ថ្ងៃទី២ ខែវិច្ឆិកា ជាពេលដែល សាលារដ្ឋនិងឯកជនទាំងឡាយ តម្រូវឱ្យនាំយកសិស្សទាំងអស់ ត្រឡប់មករៀននៅក្នុងថ្នាក់ផ្ទាល់។

គួរបញ្ជាក់ថា ដោយស្ថិតក្នុងចំណោមប្រទេស ដែលបានទទួលរងគ្រោះធ្ងន់ធ្ងរខ្លាំង ដោយសារកូវីដ១៩ នៅតំបន់អាស៉ីអាគ្នេយ៍ ហ្វីលីពីន ដែលកាលនោះ ស្ថិតក្រោមការដឹកនាំរបស់ អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានដាក់ចេញនូវវិធានការរឹតត្បិត និងការបិទសាលារៀន ដែលមានរយៈពេលជាងគេបំផុតមួយ នៅលើពិភពលោក។ ការបិទទ្វារសាលារៀន ក្នុងរយៈពេលដ៏យូរបែបនេះ បានបង្កឱ្យមានក្តីបារម្ភថា អត្រាអនក្ខរកម្ម ក្នុងចំណោមកូនសិស្សហ្វីលីពីន ដែលបានស្ថិតនៅកម្រិតមួយដ៏គួរឱ្យបារម្ភស្រាប់ហើយទៅនោះ តាំងពីមុនផ្ទុះកូវីដ អាចកាន់តែអាក្រក់ខ្លាំងថែមទៀត៕