(កាប៊ុល)៖ មន្រ្តីគ្រប់គ្រងគោះមហន្តរាយ បាននិយាយនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មនុស្សចំនួន ២០នាក់ បានស្លាប់ក្នុងហេតុការណ៍ទឹកជន់លិចភ្លាមៗ នៅភាគកណ្តាលប្រទេសអាហ្វាហ្កានីស្ថាន ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ខណៈការធ្លាក់ភ្លៀងខ្លាំង បានបំផ្លាញផ្ទះរាប់ពាន់ខ្នង រួមទាំងផ្ទៃដីកសិកម្មផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។

នៅក្នុងឆ្នាំនេះ ប្រទេសអាហ្វហ្កានីស្ថាន បានប្រឈមគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ ដែលរួមមានគ្រោះរាំងស្ងួត និងព្រឹត្តិការណ៍រញ្ជួយដីដ៏ធំមួយ ដែលបានសម្លាប់មនុស្សជាង ១,០០០នាក់ កាលពីថ្ងៃមិថុនាកន្លងទៅ។ អ្នកនាំពាក្យនៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ លោក មហាំម៉ាត់ ណាស៉ីម ហាហ្កានី (Mohammad Nassim Haqqani) បានឲ្យដឹងថា មនុស្ស ២០នាក់បានស្លាប់ និង ៣៥នាក់ផ្សេងទៀត រងរបួស ដោយសារទឹកជំនន់ក្នុងខេត្តឡូហ្កា (Logar)។ ប៉ុន្តែបើតាមរបាយការណ៍ក្រៅផ្លូវការ, តួលេខនៃអ្នកស្លាប់អាចខ្ពស់ជាងនេះ។

ដោយឡែក តាមរយៈសារជាវីដេអូមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកនាំពាក្យរបស់រដ្ឋាភិបាលតាលីបង់ លោក ហ្សាប៊ីហ៊ូឡា ម៊ូចាហីដ (Zabihullah Mujahid) បានអំពាវនាវយ៉ាងដូច្នេះថា «យើងសូមស្នើដល់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេស ដែលកាន់សាសនាឥស្លាម និងអង្គការមនុស្សធម៌ ជួយជាបន្ទាន់ដល់ជនរងគ្រោះ»។

គួរបញ្ជាក់ថា បណ្តាទីភ្នាក់ងារជំនួយមនុស្សធម៌អន្តរចាតិ បានផ្តល់ជំនួយជាច្រើនខែមកហើយ សម្រាប់ប្រទេសអាហ្វហ្កានីស្ថាន ព្រមជាមួយនឹងការព្រមានថា ពួកគេត្រូវការភាពបើកចំហ និងថវិកាបន្ថែមទៀត ដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌ ដែលមនុស្សរាប់ពាន់នាក់ ត្រូវបាត់បង់ផ្ទះសម្បែង និងគ្មានកន្លែងស្នាក់នៅ ឬទឹកស្អាតប្រើប្រាស់៕