(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃចន្ទនេះថា រាល់សមាជិករបស់គណៈរដ្ឋមន្រ្តីទាំងអស់ ចាំបាច់ត្រូវតែពិនិត្យឡើងវិញ នូវទំនាក់ទំនងរបស់ខ្លួន ជាមួយក្រុមសាសនា Unification Church ឆ្លើយតបតាមការណែនាំរបស់ លោកនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៉ិដា (Fumio Kishida)។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។

ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូ (Hirokazu Matsuno) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ យ៉ាងដូច្នេះថា «និយាយអំពីបញ្ហាពាក់ព័ន្ធទៅនឹងក្រុមសាសនា Unification Church យើងគួរតែផ្តោតការយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់ ទៅលើទំនាក់ទំនងជាមួយអង្គភាពឬក្រុម ដែលទទួលរងការរិះគន់នៅក្នុងសង្គម ដើម្បីកុំឲ្យសាធារណជនមានការព្រួយបារម្ភតទៀត»

គួរបញ្ជាក់ថា ចំណងទាក់ទងយូរអង្វែង រវាងក្រុមសាសនា Unification Church និងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានក្លាយជាបញ្ហាដ៏លេចធ្លោមួយ ដែលប៉ះពាល់ដល់ប្រជាប្រិយភាព របស់រដ្ឋាភិបាល លោក គីស៉ីដា យ៉ាងខ្លាំង ក្រោយករណីឃាតកម្មលើ អតីតនាយករដ្ឋមន្ត្រី លោក អាបេ ស៉ិនហ្សូ (Shinzo Abe)៕