(ឌូបៃ)៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានឱ្យដឹងថាឯកអគ្គរាជទូតរបស់ខ្លួនប្រចាំប្រទេសអ៉ីរ៉ង់ លោក សាអ៉ីហ្វ មហាំម៉ាត់ អាល់ហ្សាអាប៊ី (Saif Mohammed Al Zaabi) នឹងត្រឡប់ទៅកាន់ទីក្រុងតេហេរ៉ង់វិញ នៅប៉ុន្មានថ្ងៃខាងមុខនេះ ៦ឆ្នាំបន្ទាប់ពីអវត្តមាន។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានបញ្ជាក់ថា ការប្រកាសកាលពីថ្ងៃ អាទិត្យ គឺស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការពង្រឹងទំនាក់ទំនងជាមួយអ៉ីរ៉ង់ ដើម្បីសម្រេចឱ្យបាននូវប្រយោជន៍រួមនៃប្រទេសទាំង២ និងតំបន់ទាំងមូល។

អេមីរ៉ាតអារ៉ាប់រួម បានសម្រេចកាត់បន្ថយទំនាក់ទំនងជាមួយអ៉ីរ៉ង់ តាមរយៈការកោះហៅឱ្យអគ្គរាជទូតរបស់ខ្លួនត្រឡប់ចូលស្រុកវិញ កាលពីឆ្នាំ២០១៦ ក្រោយ អារ៉ាប៊ីសាអូឌីត ប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតេហេរ៉ង់ ដោយសារតែបាតុករអ៉ីរ៉ង់សម្រុកចូលស្ថានទូតអារ៉ាប៊ីសាអូឌីត ដើម្បីសម្ដែងការខឹងសម្បារទៅ នឹងអាជ្ញាធរទីក្រុងរីយ៉ាដ ដែលបានកាត់ទោសប្រហារជីវិតបុព្វជិតអ៉ីរ៉ង់និកាយស៊ីអ៉ីតម្នាក់ឈ្មោះ នីម អាល់ នីម (Nimr al-Nimr)។

គួរបញ្ជាក់ថា មុនការប្រកាសខាងលើ រដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម និងអ៉ីរ៉ង់ ក៏បានជួបពិភាក្សាគ្នាតាមទូរស័ព្ទផងដែរ ដោយបានជជែកពីការពង្រឹងទំនាក់ទំនង រវាងប្រទេសទាំង២ ឡើងវិញ ក្នុងនោះរួមមានទាំងការបញ្ជូនអគ្គរាជទូតត្រឡប់ទៅកាន់ទីក្រុងតេហេរ៉ង់ វិញ៕