(ប៉ារីស)៖ មនុស្ស ២នាក់បានស្លាប់ ខណៈ ១២នាក់ផ្សេងទៀតរងរបួស នៅពេលដែលមានខ្យល់បោកបក់ និងព្រិលធ្លាក់ខ្លាំង មកលើកោះកូស៉ីកា (Corsica) របស់បារាំង នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលព្យុះបានធ្វើឲ្យប្រជាជនប្រហែល ១,០០០គ្រួសារ នៅទូទាំងប្រទេសបារាំង គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

មួយរយៈចុងក្រោយនេះ ផ្នែកខ្លះនៃប្រទេសបារាំង បានទទួលរងភ្លៀងធ្លាក់ច្រើន ហើយជារឿយៗបង្កជាទឹកជំនន់ជន់លិចខ្លាំង បន្ទាប់ពីទទួលរងស្ថានភាពរលកកំដៅ និងគ្រោះរាំងស្ងួត អស់ជាច្រើនសប្តាហ៍។ អ្នកនាំពាក្យរបស់រដ្ឋបាលប្រចាំតំបន់ បាននិយាយថា កោះ Corsica ដែលជាគោលដៅទេសចរណ៍សំខាន់មួយ បានក្លាយជាចំណុចកណ្តាលនៃតំបន់សម្ពាធទាប ដែលមានព្យុះព្រិលបោកបក់, ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះដែលមានល្បឿនជាង ២២០គីឡូម៉ែត្រក្នុងមួយម៉ោង។

អាជ្ញាធរប្រចាំតំបន់ បានឲ្យដឹងថា ក្មេងស្រីអាយុ ១៣ឆ្នាំ និងស្ត្រីអាយុ ៧២ឆ្នាំម្នាក់ បានស្លាប់ និងមនុស្ស ១២នាក់រងរបួស នៅកោះ Corsica។ ដោយឡែក នៅឯតំបន់ ឡ័រ (Loire) និង អាំង (Ain) ភាគខាងត្បូងប្រទេសបារាំង ប្រជាជនជាង ១,០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

គួរបញ្ជាក់ថា ចំណែក នៅតំបន់ភាគខាងជើងនៃប្រទេសបារាំងឯណោះវិញ គ្រោះរាំងស្ងួតបានបន្សល់ទុកឱ្យទន្លេ ឡ័រ (Loire) ដែលល្បីល្បាញសម្រាប់វត្តមានប្រាសាទ នៅតាមបណ្តោយច្រាំងទន្លេនោះ ស្ថិតក្នុងសភាពរាក់យ៉ាងខ្លាំង ស្ទើតែមិនអាចឲ្យកាណូតទេសចរណ៍ ធ្វើដំណើរបាន៕