(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទ (១៥ សីហា) ថា ទីក្រុងមូស្គូបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន អាស៊ី និងអាហ្រ្វិក ហើយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់អាវុធទំនើបដល់សម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។

លោក ពូទីន បានលើកឡើងបែបនេះនៅឯពិព័រណ៍អាវុធនៅជិតទីក្រុងមូស្គូ ដើម្បីអួតពីសមត្ថភាពអាវុធទំនើបរបស់រុស្ស៊ី ហើយប្រកាសពីឆន្ទៈរបស់ខ្លួន ក្នុងការចែករំលែកបច្ចេកវិទ្យាជាមួយប្រទេសដែលមានគំនិតដូចគ្នា។

លោក ពូទីន បាននិយាយនៅក្នុងពិធីបើកវេទិកាកងទ័ពឆ្នាំ២០២២ នៅជិតទីក្រុងមូស្គូថា «(យើង) បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជូនសម្ព័ន្ធមិត្តរបស់យើងនូវប្រភេទអាវុធទំនើបបំផុត ចាប់ពីអាវុធធុនតូច រហូតដល់រថពាសដែក និងកាំភ្លើងធំ ដើម្បីប្រយុទ្ធប្រឆាំងនឹងយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកផងដែរ»