(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកមានបំណងក្លាយជាប្រទេសអភិវឌ្ឍន៍ ក្នុងរយៈពេល២៥ឆ្នាំខាងមុខ ជាមួយនឹងគោលនយោបាយ គាំទ្រដល់ផលិតកម្មក្នុងស្រុក សម្រាប់វិស័យថាមពល, កាពារជាតិ និងបច្ចេកវិទ្យាឌីជីថល ជាដើម។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។

ថ្លែងចេញពីប្រាសាទក្រហមសតវត្សទី ១៧ នៅឯទីក្រុងញូដេលី ចំថ្ងៃប្រារព្ធខួបលើកទី ៧៥ នៃការទទួលបានឯករាជ្យភាពរបស់ខ្លួន ពីអាណានិគមចក្រភពអង់គ្លេស លោក ម៉ូឌី បានដាស់តឿនដល់យុវជនឲ្យ «មានគោលដៅធំ» និងចំណាយពេលវេលាឲ្យបានល្អបំផុត សម្រាប់បុព្វហេតុប្រទេសជាតិ។

ក្នុងសុន្ទកថារយៈពេល ៧៥នាទី លោក ម៉ូឌី ដែលមានវ័យ ៧១ឆ្នាំ ហើយនោះ បានគូសបញ្ជាក់ថា «យើងត្រូវតែប្រែក្លាយឥណ្ឌា ទៅជាប្រទេសអភិវឌ្ឍន៍ ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ, វាជាដំណោះស្រាយដ៏ធំ ហើយយើងគួរតែធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ»

គួរបញ្ជាក់ថា ធនាគារពិភពលោកបច្ចុប្បន្នបានចាត់ថ្នាក់ ឥណ្ឌាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដោយប្រជាជនមានប្រាក់ចំណូល ចន្លោះពីជាង ១,០០០ដុល្លារ ទៅជាង ៤,០០០ដុល្លារ ខណៈដែលប្រទេសមានប្រាក់ចំណូលខ្ពស់ ដូចជា សហរដ្ឋអាមេរិក គឺប្រជាជនមានប្រាក់ចំណូលចាប់ពី ជាង ១៣,០០០ដុល្លារ ឬច្រើនជាងនេះ។ ក្រុមអ្នកជំនាញ បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ឥណ្ឌាអាចនឹងពង្រីកខ្លួនក្លាយជាមហាអំណាចទី៣ របស់ពិភពលោក នៅឆ្នាំ ២០៥០ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន៕