(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានឱ្យដឹងថាទាហានស៊ីរីយ៉ាងហោច ៣នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ពីសំណាក់យោធាអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA ការវាយប្រហារខាងលើបានកើតឡើងនៅម៉ោងប្រហែល ៨៖៥០នាទីយប់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ ដោយមានគោលដៅលើតំបន់មួយចំនួនស្ថិតនៅជាយរដ្ឋធានីដាម៉ាស និងខេត្ត តាតូអ៊ូស (Tartous)។ ទីភ្នាក់ងារសារព័ត៌មាន SANA ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាស៊ីរី បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ប្រព័ន្ធការពារដែនអាកាសនៃកងកម្លាំងស៊ីរី បានប្រឈមមុខជាមួយការឈ្លានពាន និងបានបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់។ ការឈ្លានពាននេះបានបណ្ដាលឱ្យទាហាន ៣នាក់បានស្លាប់ និង៣នាក់ទៀតរងរបួស ព្រមទាំងបង្កការខូចខាតមួយចំនួន»

ក៏ប៉ុន្តែ ខាងយោធាអ៉ីស្រាអែល មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចោទប្រកាន់នេះទេ ខណៈអ៉ីស្រាអែល ត្រូវបានគេរាយការណ៍ ជារឿយៗថាបានដឹកនាំការវាយប្រហារលើមូលដ្ឋានរបស់ក្រុមជីវពលគាំទ្រអ៉ីរ៉ង់ នៅក្នុងទឹកដីស៊ីរី ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ៕