(តូក្យូ)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងមានវត្តមាននៅក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ិនហ្សូ នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន Nikkei នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន សារព័ត៌មាន Nikkei បានឱ្យដឹងទៀតថាវានឹងក្លាយជាដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់ប្រទេសជប៉ុនរបស់លោកស្រី ហារីស ក្នុងនាមជាអនុប្រធានាធិបតីអាមេរិក ខណៈលោកស្រីក៏ត្រូវបានគេរំពឹងដែរថានឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ។

បន្ថែមពីលើនេះ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង រួមទាំងអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី មឺគែល ក៏នឹងមាន វត្តមាននៅក្នុងពិធីបុណ្យសព្វថ្នាក់ជាតិរបស់លោក អាបេដែរ ហើយទីក្រុងតូក្យូនឹងប្រកាសពីបញ្ជីឈ្មោះអ្នកចូលរួម នៅមុនពិធីបុណ្យចាប់ផ្ដើមជាផ្លូវការ។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ពីដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស មកកាន់ប្រទេសជប៉ុន កើតមានឡើងក្រោយមានព័ត៌មានថាលោកប្រធានាធិបតី ចូ បៃដិន នឹងមិនអាចមកចូលរួមពិធីបុណ្យសពលោក អាបេ ឡើយ ដោយសារតែកាលវិភាគមមារញឹក ជាពិសេសសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ មួយវិញទៀត ប្រសិនបើ ជំនួបរវាងលោកស្រី ហារីស និងលោក គីស៊ីដា ពិតជាធ្វើឡើងតាមការគ្រោងទុកមែន នោះថ្នាក់ដឹកនាំនៃប្រទេសទាំង២ អាចនឹងពិភាក្សាគ្នាពីបញ្ហាសំខាន់ៗមួយចំនួន រួមមាន សន្តិសុខក្នុងតំបន់អាស៊ី សង្រ្គាមនៅអ៊ុយក្រែន និងសមយុទ្ធយោធារបស់ចិននៅក្បែរតៃវ៉ាន់កន្លងមក៕