(សៀងហៃ)៖ អាជ្ញាធរទីក្រុងសៀងហៃ បានប្រកាសនៅថ្ងៃសៅរ៍នេះថា នឹងពន្យារពេលលើការតម្រូវឲ្យប្រជាជនរបស់ខ្លួួនធ្វើតេស្តកូវីដ ១៩ រៀងរាល់សប្តាហ៍ និងបន្តការធ្វើតេស្តដោយឥតគិតថ្លៃ រហូតដល់ចុងខែកញ្ញា ក្នុងគោលបំណងតាមដានស្ថាការណ៍រីករាលនៃមេរោគ ក្នុងទីក្រុងដែលមានប្រជាជនច្រើនជាងគេរបស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័តមាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។

សេចក្តីជូនដំណឹងផ្លូវការ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលគ្មានកំណត់ត្រានៃការធ្វើតេស្តកូវីដ ១៩ ក្នុងរយៈពេល៧ថ្ងៃនឹងត្រូវបានផ្តល់លេខកូដពណ៌លឿង នៅលើប្រព័ន្ធលេខកូដសុខភាពរបស់ទីក្រុងសៀងហៃ នៅពេលពួកគេចូលទៅកាន់ទីកន្លែងសាធារណៈផ្សេងៗ។

គួរបញ្ជាក់ថា គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ ១៩ សរុបចំនួន ២,១៤៤ នាក់ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលក្នុងនោះ៧០៤នាក់ មានរោគសញ្ញា និង ១,១៤០នាក់ មិនមានរោគសញ្ញា៕