(តូក្យូ)៖ អាជ្ញាធរឧតុនិយមជប៉ុន នាថ្ងៃសៅរ៍នេះបានឱ្យដឹងថា ព្យុះទីហ្វុងឈ្មោះ មៀរី (Meari) បានបង្កឱ្យមានការធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅកោះហុនស៊ូ (Honshu) នៃប្រទេសជប៉ុន ខណៈដែលវាកំពុងបន្តដំណើរទៅទិសខាងជើង សំដៅរករាជធានីតូក្យូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ព្យុះទីហ្វុង Meari បានបោកបក់មកដល់ខេត្ត ស៉ីហ៊្សូអូកា (Shizuoka) ដែលស្ថិតនៅភាគនិរតី ទីក្រុងតូក្យូ នារសៀលថ្ងៃសៅរ៍នេះ។ វាបាននាំយកមកជាមួយ នូវការធ្លាក់ភ្លៀងខ្លាំងនិងខ្យល់បក់យ៉ាងសន្ធប់ ដែលជាហេតុនាំឱ្យអាជ្ញាធរ ចេញសារព្រមានឱ្យប្រុងប្រយ័ត្ន អំពីគ្រោះរអិលបាក់ដីនិងទឹកជំនន់ ដែលអាចកើតឡើង។

ទន្ទឹមគ្នានេះ មនុស្សជាង ៧២,០០០នាក់ ដែលរស់នៅក្នុងតំបន់ប្រឈមហានិភ័យខ្ពស់ ត្រូវបានណែនាំឱ្យជម្លៀសខ្លួន ខណៈជើងហោះហើរក្នុងស្រុកមួយចំនួន ត្រូវបានលុបចោល។ រីឯសេវាកម្មរថភ្លើងល្បឿន ត្រូវបានពន្យារពេលនិងរឹតត្បិតល្បឿន ហើយកំណាត់ផ្លូវរថភ្លើងខ្លះ ត្រូវបានបិទជាបណ្តោះអាសន្នតែម្តង។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Meari ដែលមានកម្លាំងខ្យល់ ៧២គីឡូម៉ែត្រក្នុង១ម៉ោង បានបោកបក់ផុតខេត្ត Shizuoka និងកំពុងបន្តដំណើររបស់វា ក្នុងល្បឿនខ្ទង់២០គីឡូម៉ែត្រក្នុង១ម៉ោង ឆ្ពោះទៅទិសខាងជើង មុនពេលវាប្តូរទិសដៅ ទៅរកទិសខាងកើតវិញ ដោយចេញឆ្ពោះទៅមហាសមុទ្រប៉ាស៉ីហ្វិក នាថ្ងៃអាទិត្យស្អែក៕