(យូអិន)៖ ក្រុមមន្រ្តីការទូតចិន បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសចិនបានសម្រេចពន្យារពេលលើសំណើ របស់សហរដ្ឋអាមេរិក និងឥណ្ឌា នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ក្នុងការដាក់ទណ្ឌកម្មលើ មេបញ្ជាការកំពូលរបស់ក្រុមសកម្មប្រយុទ្ធ ហ្សាអ៉ីស អ៉ី ម៉ូហាំម៉ាត់ (Jaish-e-Mohammad) ដែលមានមូលដ្ឋាន នៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។

ឥណ្ឌានិងសហរដ្ឋអាមេរិក ទទូចចង់ឲ្យមេដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន អាប់ឌុល រ៉ាហ្វ អាហ្សា (Abdul Rauf Azhar) ទទួលរងនូវការហាមឃាត់ការធ្វើដំណើរជាសកល និងការបង្កកទ្រព្យសម្បត្តិ ខណៈដែលចំណាត់ការបែបនេះ ត្រូវតែមានការឯកភាពពីសមាជិកទាំង១៥ នៃគណៈកម្មាធិការដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ UN។

អ្នកនាំពាក្យសម្រាប់បេសកម្មរបស់ប្រទេសចិន ប្រចាំ UN បានប្រាប់ Reuters យ៉ាងដូច្នេះថា «យើងសម្រេចផ្អាក ដោយសារយើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសិក្សាលើករណីនេះ។ ករណីពន្យារពេលនេះធ្វើឡើងដោយអនុលោម តាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការ ហើយក៏មានចំណាត់ការស្រដៀងគ្នាមួយចំនួន ដែលស្នើឡើងដោយសមាជិកផ្សេងទៀត កំពុងស្ថិតក្រោមការសិក្សាផងដែរ»

គួរបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានដាក់គោលដៅលើបុគ្គល អាហ្សា កាលពីឆ្នាំ២០១០ ដោយចោទប្រកាន់ថា ជននេះបានជំរុញឲ្យប្រជាជនប៉ាគីស្ថាន ចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ក្រុមសកម្មប្រយុទ្ធ និងរៀបចំការវាយប្រហារអត្តឃាត នៅក្នុងប្រទេសឥណ្ឌា៕