(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះបានចោទប្រកាន់សមាជិកមួយរូបមកពីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ពីបទរៀបចំផែនការសម្លាប់លោក ចន បូលតុន (John Bolton) ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។

ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ជនជាតិអ៉ីរ៉ង់ម្នាក់ឈ្មោះ សាស់រុំា ពួសាហ្វី (Shahram Poursafi) ឬមានឈ្មោះហៅក្រៅ ម៉េសឌី រេហ្សៃយី (Mehdi Rezayi) មានអាយុ៤៥ឆ្នាំ រស់នៅក្នុងទីក្រុងតេហេរ៉ង់ មានចេតនា និងរៀបចំផែនការសម្លាប់លោក បូលតុន ដើម្បីសងសឹងឱ្យអតីតមេបញ្ជាការម្នាក់នៃកងកម្លាំង ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក កសឹម សូឡៃម៉ានី (Qassem Soleimani) ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនអាមេរិក ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីខែមករា ឆ្នាំ២០២០។

លើសពីនេះទៅទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកក្រោមសម័យរដ្ឋបាលលោក ដូណាល់ ត្រាំ គឺលោក ម៉ៃក៍ ប៉ុមប៉េអូ ក៏ស្ថិត នៅក្រោមគោលដៅនៃផែនការធ្វើឃាតខាងលើផងដែរ។

គួរបញ្ជាក់ថា អ៉ីរ៉ង់មិនមានសន្ធិសញ្ញាធ្វើបត្យាប័នជាមួយសហរដ្ឋអាមេរិកឡើយ ហើយជនឈ្មោះ ពួសាហ្វី ត្រូវបានគេជឿជាក់ថាកំពុងរស់នៅក្នុងប្រទេសអ៉ីរ៉ង់។ ប៉ុន្តែ FBI នៅថ្ងៃពុធសប្ដាហ៍នេះបានចេញប័ណ្ណប្រកាសមួយតាមស្វែងរកជនរូបនេះហើយ ស្របពេលអ៉ីរ៉ង់បានថ្កោលទោសសហរដ្ឋអាមេរិក ដោយហៅការចោទ ប្រកាន់ខាងលើជាទង្វើប្រឆាំងនឹងពលរដ្ឋអ៉ីរ៉ង់ ក្រោមលេសគួរឱ្យអស់សំណើច និងគ្មានមូលដ្ឋាន៕