(ស៉ីដនី)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអូស្រ្តាលី បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងកង់បេរ៉ា និងទីក្រុងប៉េកាំង ចំាបាច់ត្រូវតែធ្វើរឿងជាច្រើនទៀត ដើម្បីស្តារទំនាក់ទំនងឡើងវិញ ខណៈប្រទេសទាំងពីរ មិនទាន់ឈានដល់ដំណាក់កាល អាចដោះស្រាយវិវាទនយោបាយ និងពាណិជ្ជកម្មនៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។

ថ្លែងនៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងកង់បេរ៉ា (Canberra) ប្រទេសអូស្រ្តាលី លោក សៀវ ឈាន (Xiao Qian) ឯកអគ្គរដ្ឋទូតចិន ក៏បាននិយាយផងដែរថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមិនជំនួបរវាងមេដឹកនាំនៃប្រទេសជាដៃគូសេដ្ឋកិច្ច ទាំងពីរឡើយ ដោយសារទីក្រុងប៉េកាំងជឿជាក់ថា ជំនួបទល់មុខគ្នាអាចនឹងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។ លោក សៀវ បានគូសបញ្ជាក់ថា «ដោយសារតែយើងមិនគិតថាកិច្ចប្រជុំបែបនេះ នឹងជួយធ្វើឲ្យទំនាក់ទំនងមានភាពប្រសើរឡើងវិញ ហើយយើងក៏បារម្ភថា ជំនួបនេះប្រហែលជាអាចធ្វើឲ្យ អ្វីៗកាន់តែយ៉ាប់យ៉ឺនជាងមុនថែមទៀត»

គួរបញ្ជាក់ថា ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្រ្តាលី និងជាអតិថិជនដ៏ធំបំផុតនៃរ៉ែដែករបស់អូស្រ្តាលី។ កន្លងមកនេះ ទីក្រុងប៉េកាំង បានដាក់ទណ្ឌកម្មពាណិជ្ជកម្ម លើផលិតផលរបស់អូស្រា្តលី រាប់ចាប់ពីធ្យូងថ្ម រហូតដល់អាហារសមុទ្រ និងស្រា ដើម្បីឆ្លើយតបនឹងគោលនយោបាយ ក៏ដូចជាការសម្រេចចិត្ត រួមទាំងការអំពាវនាវរបស់អូស្រ្តាលី ដើម្បីឲ្យមានការស៉ើបអង្កេត រកប្រភពដើមនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ និងការហាមឃាត់បណ្តាញ 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ជាដើម៕